ឯកឧត្តម គួច ចំរើន ជំរុញដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ត្រូវធ្វេីយ៉ាងណាសម្របសម្រួលជួយដល់ពលករដែលត្រឡប់មកពីប្រទេសថៃ ឱ្យមានការងារធ្វើអោយបានគ្រប់គ្នា
ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានជំរុញដល់អាជ្ញាធរមូលដ្ឋាន រដ្ឋបាលក្រុង-ស្រុកទាំង១៣ និងអ្នកពាក់ព័ន្ធ ត្រូវធ្វេីយ៉ាងណាសម្របសម្រួលជួយដល់ពលករដែលត្រឡប់មកពីប្រទេសថៃ ឱ្យមានការងារធ្វើគ្រប់គ្នា ជាពិសេសការចុះបញ្ជីធ្វើអត្តសញ្ញាណប័ណ្ណ និងអាត្រានុកូលដ្ឋានជាដេីមជូនពួកគាត់ ពិសេសកូនចៅរបស់ពួកគាត់បានចូលរៀនអោយបានគ្រៗប់គ្នា និងត្រូវយកចិត្តទុកដាក់ស្រង់ស្ថិតិបងប្អូនពលរដ្ឋដែលវិលត្រលប់ពីប្រទេសថៃ។ ឯកឧត្តមមានប្រសាសន៍បែបនេះក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងផ្សព្វផ្សាយព័ត៌មានឱកាសការងារ ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករខ្មែរ ទើបត្រឡប់មកពីប្រទេសថៃ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម សេង សក្កា រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហោ សុខណាក់ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាខេត្តកណ្តាល។
ឯកឧត្ដម គួច ចំរើន អភិបាល នៃអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍បន្ថែមថា ការជំរុញដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវស្រង់ស្ថិតិឡើងវិញអោយបានច្បាស់ ចំពោះបងប្អូនដែលជាពលករទើបនឹងវិលត្រឡប់មកពីប្រទេសថៃ ដើម្បីងាយស្រួលជួយដល់ពួកគាត់ក្នុងការស្វែងរកការងារធ្វើនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល។ ឯកឧត្តមបានបន្តថា បន្ទាប់ពីមានការបង្កអរិភាព និងឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជាពីសំណាក់ទាហានសៀម បងប្អូនចំណាកស្រុកបានវិលត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជាវិញ។ ការវិលត្រឡប់នេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ បានត្រៀមរួចជាស្រេចក្នុងផ្តល់ការបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ ក៏ដូចជាផ្តល់ការងារជូនពួកគាត់។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ខេត្តកណ្តាល មានបងប្អូនពលករបានវិលត្រលប់មកស្រុកវិញប្រមាណ ២៦៦៨នាក់ ប៉ុន្តែអ្វីជាបញ្ហាគឺ ក្នុងចំណោមអ្នកវិលមកវិញនេះ មានអ្នកមកចុះឈ្មោះរកការងារធ្វើតែជាង១ពាន់នាក់ប៉ុណ្ណោះ ដូច្នេះអាជ្ញាធរពាក់ព័ន្ធត្រូវស្រង់ស្ថិតិពួកគាត់អោយបានច្បាស់ ដើម្បីដឹងថាពួកគាត់ដែលមកវិញ គាត់ធ្វើអ្វី នៅទីកន្លែងណា។
សូមបញ្ជាក់ថា៖ ពាក់ព័ន្ធអ្នកចំណាកស្រុកដែលវិលត្រលប់មកវិញនេះ តាមការឲ្យដឹងពីអាជ្ញាធរស្រុកនានា មួយចំនួនបានចេញពីមូលដ្ឋាន ដើម្បីស្វែងរកការងារធ្វើដោយខ្លួនឯង ទៅរស់នៅជាមួយក្រុមគ្រួសារនៅខេត្តផ្សេង រីឯពួកគាត់មួយចំនួនក៏បានរស់នៅបង្កបង្កើនផល នៅក្នុងភូមិរបស់ពួកគាត់ ដែលអាចជាមូលហេតុធ្វើឲ្យអ្នកស្វែងរកការងារធ្វើមានចំនួនតិច។ បើទោះជាយ៉ាងនេះក្តី អាជ្ញាធរខេត្តនៅតែជំរុញឲ្យមានការចុះធ្វើសម្រង់ស្ថិតិនេះឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការជួយពួកគាត់ឲ្យចំគោលដៅ ហើយវាក៏ជាផ្នែកមួយក្នុងការជួយដល់រាជរដ្ឋាភិបាលអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ កាត់បន្ថយការធ្វើចំណាកស្រុកទៅកាន់ប្រទេសដទៃ ជាពិសេសប្រទេសថៃ។
សូមជម្រាបដែរថា បច្ចុប្បន្នខេត្តកណ្តាល មានសហគ្រាស គ្រឹះស្ថានចំនួន ២០៣១ ដែលមានកម្មករនិយោជិតសរុបចំនួន ២១៥,៤៧២ នាក់ ស្រី ១៤៣,០៦៧នាក់។ ក្នុងនោះវិស័យផលិតកម្មវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង ផលិតផល ធ្វើដំណើរ និងផលិតផលធ្វើពីស្បែកសត្វ មានចំនួន ២៨៣ មានកម្មករនិយោជិតសរុបចំនួន ១៧៧,៧៥៦ នាក់ ស្រី ១២៧,៤២៥នាក់។ក្នុងនោះពលករដែលបានធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ បានវិលត្រឡប់មកខេត្តកណ្តាលវិញមានចំនួន ២៦៦៨នាក់ ស្រី ១២៧៥នាក់ និងមានកុមារនៅក្នុងបន្ទុក គ្រួសារមានអាយុក្រោម១៨ឆ្នាំ ចំនួន ៣៧៧នាក់ ស្រី ១៩៤នាក់។ក្នុងចំណោមប្រជាពលរដ្ឋទាំង ២៦៦៨នាក់នៅក្នុងខេត្តកណ្តាល ដែលបានវិលត្រឡប់មកពីប្រទេសថៃ មានពលករចំនួន ១៣៩៨នាក់ ស្រី ៦៤៤នាក់ បានទទួលការងារធ្វើ ក្នុងនោះក៏មានពលករដែរវិលត្រឡប់មកពីប្រទេសថៃនៅក្នុងខេត្តកណ្តាល មិនទាន់មានការងារធ្វើមានចំនួន ៨៩៣នាក់ ស្រី ៤៣៧នាក់។ (គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥)៕
ប្រភព៖ រដ្ឋបាលខេត្តកណ្តាល