ថ្ងៃពុធ ១៧-កញ្ញា-២០២៥ ០៧:៤១:៣០ ល្ងាច

ឯកឧត្តម អ៊ំ ម៉ារ៉ា អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងអភិបាលរង ខេត្តកំពង់ស្ពឺ

ឯកឧត្តម អ៊ំ ម៉ារ៉ា អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងអភិបាលរង ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ នាថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២៥ ឯកឧត្តម អ៊ំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងអភិបាលរងខេត្តកំពង់ស្ពឺ។ពិធីប្រកាសតែងតាំងនេះ បានរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ ។

ក្នុងពិធីនេះ ក៏មានការចូលរួមពីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត តំណាងសាលាដំបូងខេត្ត អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ អនុប្រធានមន្ទីរ អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមន្រ្តីពាក់ព័ន្ធជាច្រើនទៀត។

នាឱកាសនោះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានឡើងមានមតិស្វាគមន៍ និងអបអរសាទរការប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តនាថ្ងៃនេះ ហើយលោកសង្ឃឹមថា មន្រ្តីដែលប្រកាសចូលកាន់មុខតំណែងថ្មី ត្រូវអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនប្រកបដោយការសហការ សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដើម្បីចូលរួមចំណែក ធ្វើឱ្យការអនុវត្តការងារ ក្នុងជួរគណៈអភិបាលខេត្ត កាន់តែមានប្រសិទ្ធភាព ជាពិសេសការលើកកម្ពស់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តកំពង់ស្ពឺឱ្យកាន់តែមានការរីកចម្រើនថែមទៀត។
សូមបញ្ជាក់ជូនថា លោកស្រី គា សុភា ត្រូវបានតែងតាំង  ឱ្យចូលកាន់តំណែងជាអភិបាលរង នៃគណៈអភិបាល ខេត្តកំពង់ស្ពឺ។

ឯកឧត្តម អ៊ុ ម៉ារ៉ា បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមប្រឹក្សា គណៈ អភិបាលខេត្ត មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ទូទាំងខេត្ត ដែលកន្លងមក បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បំពេញតួនាទីភារកិច្ច ប្រកបដោយសាមគ្គីភាព ក្នុងជួរគណៈ អភិបាលខេត្ត និងមន្ត្រីរាជការទាំងអស់ ធ្វើឱ្យខេត្តរបស់ខ្លួនសម្រេចបាននូវលទ្ធផលល្អប្រសើរទាំងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការថែរក្សាបាននូវសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈផងដែរ។ 

ឯកឧត្ដមបានបន្តថា៖ការតែងតាំង ផ្លាស់ប្តូរ បញ្ចប់ភារកិច្ច គឺជារឿងធម្មតារបស់មន្ត្រីរាជការមុខងារសាធារណៈហើយវាក៏ជាការឆ្លើយតបទៅនឹងកំណែទម្រង់កាន់តែស៊ីជម្រៅរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
ឯកឧត្តមបានធ្វើការណែនាំដល់រដ្ឋបាលខេត្តត្រូវបង្កើនការគ្រប់គ្រងសភាពការណ៍នៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីទប់ស្កាត់ឱ្យបានទាន់ពេលវេលា និងត្រូវពង្រឹងការងារភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីភាពសុខសាន្តរបស់បងប្អូនប្រជាពលរដ្ឋរបស់យើង៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ