ថ្ងៃច័ន្ទ ០៣-វិច្ឆិការ-២០២៥ ០៩:៤៣:៣៥ ល្ងាច

អភិបាលខេត្តបន្ទាយមានជ័យ នាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋខ្វះខាត ២៩០គ្រួសារ ក្នុងក្រុងសិរីសោភ័ណ

អភិបាលខេត្តបន្ទាយមានជ័យ នាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋខ្វះខាត ២៩០គ្រួសារ ក្នុងក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ នាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនដល់ពលរដ្ឋដែលមានជីវភាពខ្វះខាត២៩០គ្រួសារ ក្នុងក្រុងសិរីសោភ័ណ ទាំង៧សង្កាត់ ប្រារព្ធ ធ្វើឡើង នៅសាលាបឋមសិក្សា ហ៊ុន សែន សូភី ស្ថិតនៅភូមិតារាងបាល់ សង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋទាំង២៩០គ្រួសារដែលបានមកទទួលអំណោយនៅក្នុងថ្ងៃនេះរួមមានសង្កាត់ទឹកថ្លា ១១២គ្រួសារ , សង្កាត់អូរអំបិលចំនួន ៣៧គ្រួសារ , សង្កាត់កំពង់ស្វាយចំនួន ៣៣គ្រួសារ, សង្កាត់ព្រះពន្លាចំនួន ២២គ្រួសារ , សង្កាត់ម្កាក់ ចំនួន៤៤គ្រួសារ, សង្កាត់ភ្នៀត ២៧គ្រួសារ និងសង្កាត់កោះពងសាត់ចំនួន ១៥គ្រួសារ។ ដែលក្នុងមួយគ្រួសារទទួលបាននូវអង្ករ២៥ គីឡូក្រាម មីខ្លាឃ្មុំចំនួន ២៥កញ្ចប់ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ រួមទាំងថវិកាមួយចំនួន។ 

ឯកឧត្តម អ៊ុំ រាត្រី បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ដែលសម្តេច និងលោកជំទាវបណ្ឌិត តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ច។ 

ឯកឧត្តមបានបន្តថា ក្នុងនាមជាជំនួយការជូនអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌កាកបាទក្រហមខេត្តបន្ទាយមានជ័យ និងបន្តខិតខំពង្រឹងនៃការចូលរួមជាមួយរាជរដ្ឋាភិបាលឱ្យបានទ្វេដង ដោយផ្តោតលើការយកចិត្តទុកដាក់លើអាទិភាពសំខាន់ រួមមាន ការផ្តល់អំណោយដល់បងប្អូនរងគ្រោះនិងងាយរងគ្រោះក្រីក្រ ខ្វះខាតជាដើម ហើយការផ្តល់នូវអំណោយមនុស្សធម៌នៅក្នុងឱកាសនេះ គឺជាការជួយសម្រាលទុក្ខលំបាកចំពោះបងប្អូនបានតែមួយគ្រាប៉ុណ្ណោះ។ ដូចនេះសូមបងប្អូនខិតខំធ្វើការដាំដុះបន្លែបង្ការចិញ្ចឹមសត្វដើម្បីទ្រទ្រង់ជីវភាពគ្រួសារបានប្រសើរឡើង និងចូលរួមនូវការហូបស្អាតផឹកស្អាតរស់នៅស្អាតពិសេសគោលការណ៍អនាម័យបរិស្ថាន៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ