ឯកឧត្តម សុខ លូ ណែនាំដល់សិស្សានុសិស្សត្រូវខិតខំប្រឹងប្រែងរៀនសូត្រដើម្បីក្លាយជាធនធានមនុស្សនៅក្នុងសង្គម ចៀសឆ្ងាយពីគ្រឿងញៀន
ខេត្តបាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្ត បានណែនាំដល់សិស្សានុសិស្សត្រូវខិតខំប្រឹងប្រែងរៀនសូត្រដើម្បីក្លាយជាធនធានមនុស្សនៅក្នុងសង្គម ចៀសឆ្ងាយពីគ្រឿងញៀន បារីអេឡិកត្រូនិក អំពើអបាយមុខ គោរពច្បាប់ចរាចរណ៍ និងចូលរួមថែរក្សាអនាម័យបរិស្ថាន។
ការណែនាំនេះក្នុងឱកាសឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ដើម្បីកំណត់នៃការចូលរៀនឆ្នាំសិក្សាថ្មីបន្ទាប់ពីសិស្សានុសិស្សបានឈប់សម្រាកវិស្សមកាលអស់រយៈពេល២ខែកន្លងទៅ ដែលពិធីនេះធ្វើឡើងនៅបរិវេណវិទ្យាល័យនេតយ៉ង់ ក្រុងបាត់ដំបង នៅថ្ងៃសៅរ៍ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានបង្ហាញការកត់សម្គាល់ថា ក្រោមការជំរុញពីអាណាព្យាបាល ការបង្ហាត់បង្រៀនយ៉ាងយកចិត្តទុកដាក់ពីលោកគ្រូអ្នកគ្រូ និងការខិតខំប្រឹងប្រែងសិក្សារៀនសូត្ររបស់សិស្សានុសិស្សធ្វើឱ្យអត្រាសិស្សជាប់បាក់ឌុបនៅខេត្តបាត់ដំបង មានការកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសចំនួនសិស្សជាប់និទ្ទេសA មានការកើនឡើងរៀងរាល់ឆ្នាំ។ ឯកឧត្តម សុខ លូ ក៏បានថ្លែងឱ្យដឹងបន្ថែមថា ការរៀន និងបង្រៀននាពេលបច្ចុប្បន្ននេះមានលក្ខណៈទំនើបជឿនលឿន និងសម្ភារបរិក្ខាដ៏សំបូរបែប មិនពិបាកដូចកាលពីអតីតកាលនោះឡើយ។
គួរបញ្ជាក់ដែរថា ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ នៅទូទាំងខេត្តបាត់ដំបង មានសាលារៀនចំណេះទូទៅសាធារណៈ ឯកជន និងសហគមន៍ចំនួន១ ៤៨៩សាលា, សិស្សានុសិស្សសរុបមានចំនួន២៧៧ ៤៥០នាក់, មានបុគ្គលិកអប់រំសរុបចំនួន៩ ០៣៣នាក់, អគារសិក្សាសរុបចំនួន១ ៩៧១អគារ ស្មើនឹង ៨ ២៥០បន្ទប់៕
ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង
.jpg)
.jpg)
.jpg)