ថ្ងៃអង្គារ ០៤-វិច្ឆិការ-២០២៥ ១២:៣៧:១៥ ព្រឹក

ឯកឧត្តម វ៉ី សំណាង ជំរុញសិស្សានុសិស្សឱ្យខិតខំរៀនសូត្រ ដើម្បីអនាគតប្រទេសជាតិ

ឯកឧត្តម វ៉ី សំណាង ជំរុញសិស្សានុសិស្សឱ្យខិតខំរៀនសូត្រ ដើម្បីអនាគតប្រទេសជាតិ

តាកែវ ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានជំរុញសិស្សានុសិស្សឱ្យខិតខំរៀនសូត្រ ដើម្បីអនាគតប្រទេសជាតិ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៅបរិវេណសាលាវិទ្យាល័យ ជា ស៊ីម តាកែវ នាព្រឹកថ្ងៃចន្ទ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក ព្រមទាំងមានការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

ឯកឧត្តម វ៉ី សំណាង បានគូសបញ្ជាក់ពីសារៈសំខាន់នៃវិស័យអប់រំ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្សសម្រាប់ប្រទេសជាតិ។

 

ឯកឧត្តមបានថ្លែងទៅកាន់សិស្សានុសិស្សទាំងអស់ថា៖ ការបើកបវេសនកាលឆ្នាំសិក្សាថ្មី គឺជាការបើកទំព័រថ្មីមួយទៀត សម្រាប់ក្មួយៗសិស្សានុសិស្សទាំងអស់ ក្នុងការបន្តការសិក្សាស្វែងរកចំណេះដឹង។ ក្មួយៗត្រូវតែចងចាំថា ការអប់រំ គឺជាគន្លឹះមាស ក្នុងការផ្លាស់ប្តូរជីវិត និងចូលរួមចំណែកក្នុងសង្គម។

ឯកឧត្តម បន្តថា សូមក្មួយៗទាំងអស់ខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រ គោរពវិន័យសាលា គោរពលោកគ្រូ អ្នកគ្រូ និងត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខគ្រប់ប្រភេទ។ ការតស៊ូរបស់ក្មួយៗថ្ងៃនេះ នឹងក្លាយជាប្រយោជន៍ដ៏ធំធេង សម្រាប់ក្រុមគ្រួសារ សង្គមជាតិ និងប្រជាជនកម្ពុជានាពេលអនាគត។

ឯកឧត្តមក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការបណ្តុះបណ្តាលចំណេះដឹង និងសីលធម៌ ដល់សិស្សានុសិស្ស ដើម្បីធានាបាននូវគុណភាពអប់រំស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ