ឯកឧត្តម ប៊ុន ហុន៖ អភិបាលរង ដែលទើបនឹងទទួលការតែងតាំងថ្មីនឹងប្រឹងប្រែងអនុវត្ត តួនាទី ភារកិច្ច តាមរយៈចំណេះដឹង សមត្ថភាព និងបទពិសោធ ដើម្បីដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍មូលដ្ឋានខេត្តកោះកុងកាន់តែមានភាពរីកចម្រើនបន្ថែមទៀត
ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍សង្ឃឹម និងជឿជាក់លើ អភិបាលរង ដែលទើបនឹងទទួលការតែងតាំងថ្មីនាពេលនេះនឹងខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចតាមរយៈចំណេះដឹង សមត្ថភាព និងបទពិសោធការងារផ្ទាល់ខ្លួន ដើម្បីការងារដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍មូលដ្ឋានខេត្តកោះកុងឱ្យកាន់តែមានភាពរីកចម្រើន និងសមិទ្ធផលថ្មីៗថែមទៀត។
ការថ្លែងបែបនេះនាឱកាសដែលឯកឧត្តម រដ្ឋលេខាធិការ អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តកោះកុងចំនួន២រូប នៅថ្ងៃសុក្រទី៣១ ខែតុលា ឆ្នាំ២០២៥ ដែលប្រារព្ធធ្វើឡើងនៅសាលាខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ អភិបាលខេត្ត អភិបាលរងខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម រដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សា គណៈអភិបាល ខេត្តកោះកុង ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្ត ដែលបាន ខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ ជាពិសេស ក្នុងការធានាថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃ និងភាពស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងដឹកនាំកម្ពុជាឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ក្នុងនោះផងដែរ ឯកឧត្តម រដ្ឋលេខាធិការ ស្នើឱ្យក្រុមប្រឹក្សា គណៈអភិបាលខេត្តកោះកុង មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមគាំទ្រដល់លោកអភិបាលរង ដែលទើបចូលកាន់មុខតំណែងថ្មីទាំងពីរ ដើម្បីរួមគ្នាថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សេដ្ឋកិច្ច-សង្គម សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរួមគ្នាធ្វើការអភិវឌ្ឍន៍មូលដ្ឋានខេត្តកោះកុងឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀតផងដែរ។
ជាមួយគ្នានោះដែរ ដើម្បីពង្រឹង និងលើកកម្ពស់ការគ្រប់គ្រង និងការដឹកនាំកិច្ចការរដ្ឋបាល សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសបន្តជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានការរីកចម្រើន សម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ឯកឧត្តម រដ្ឋលេខាធិការ ក៏បានផ្តល់គោលការណ៍ណែនាំលើកិច្ចការអាទិភាព សំខាន់ៗមួយចំនួនដូចខាងក្រោម៖
- បន្តពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម
- អនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
- ថែរក្សា និងការការពារបូរណភាពទឹកដី អធិបតេយ្យជាតិ និងព្រំដែន
- ការអភិវឌ្ឍសេចកិច្ច-សង្គម
- គ្រប់គ្រងតំបន់ឆ្នេរ និងការការពារធនធានធម្មជាតិ និងបរិស្ថាន
- ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន
- ពង្រឹងភាពជាដៃគូរមួយអង្គការសង្គមស៊ីវិល
- និងការពង្រឹងរបៀបរបបការងារ
សូមបញ្ជាក់ជូនថា៖ លោក ជា សូវី ត្រូវបានតែងតាំងពីអភិបាល នៃគណៈអភិបាលស្រុកកោះកុង មកជាអភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ជំនួសលោកជំទាវ ឈី វ៉ា ដែលត្រូវបានតែងតាំងជាអភិបាលនៃ គណៈអភិបាលខេត្តកោះកុង។
លោក សុខ ចេង ពីមន្ត្រីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ជំនួសលោក អ៊ុក ភក្ត្រា ដែលត្រូវបាន ផ្ទេរភារកិច្ចជាអភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
.jpg)
.jpg)
.jpg)
 
					 .jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg) 
					 
								.jpg) 
								.jpg) 
								.jpg)