ឯកឧត្តម សុខ លូ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន១៥២គ្រួសារ ក្នុងស្រុកសំឡូត
ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥ នេះឆ្លើយតបតាមសំណើររបស់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសំឡូត សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានសម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១៥២គ្រួសារ ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា ជនពិការ និងបងប្អូនពលករដែលមានជីវភាពខ្វះខាតមកពី៤៦ភូមិ ក្នុងឃុំទាំង៧ នៃស្រុកសំឡូត ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងលោកជំទាវ ម៉េត រ៉ាវីចិត្រ សុខលូ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយមានការចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខាស្រុក សប្បុរសជន អ្នកស្ម័គ្រចិត្ត និងយុវជន។ពិធីនេះប្រារព្ធធ្វើនៅបរិវេណផ្សារសំឡូត ស្ថិតនៅភូមិអូរទន្ទឹម ឃុំតាសាញ ស្រុកសំឡូត។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសនាំនូវការផ្តាំផ្ញើដល់គ្រួសារនីមួយៗត្រូវយកចិត្តទុកដាក់ គិតគូរពីបញ្ហាសុខភាព សម្អាតបរិស្ថានជុំវិញផ្ទះឱ្យបានស្អាតល្អ។
ជាមួយគ្នានេះ ឯកឧត្តមប្រធានក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជាមួយអាជ្ញាធរមូលដ្ឋានដើម្បីលុបបំបាត់គ្រឿងញៀន គ្រឿងស្រវឹង ល្បែងស៊ីសង ក្មេងទំនើងនៅក្នុងភូមិដែលខ្លួនរស់នៅ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ហើយសូមអាណាព្យាបាលទាំងអស់បញ្ជូនកូនៗទៅសាលារៀនឱ្យបានគ្រប់ៗគ្នា រៀនសូត្រឱ្យបានខ្ពង់ខ្ពស់ដើម្បីមានចំណេះដឹង មានការងារធ្វើ និងបន្តខិតខំបង្កបង្កើនផលដាំដុះដំណាំរួមផ្សំនានាដើម្បីជួយលើកស្ទួយក៏ដូចជាការពង្រឹងជីវភាពគ្រួសាររៀងៗខ្លួន។
ទន្ទឹមនឹងនោះ ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាននេះ សូមស្វែងយល់បន្ថែមពីភាពរឹងមាំ នៃលំនៅឋាន ដើម្បីបង្ការ និងការពារហានិភ័យ ដែលបង្កដោយគ្រោះធម្មជាតិព្រោះថា ពេលមានភ្លៀងធ្លាក់មកជាមួយនឹងខ្យល់កន្រ្តាក់ លាយឡំនឹងផ្គររន្ទះ អាចបង្កជាគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សសត្វគ្រប់ៗគ្នា ដែលតម្រូវឱ្យប្រជាពលរដ្ឋគ្រប់រូបមានការប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា។
ប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមសុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត ជាពិសេសសម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់គិតគូរ ជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះគ្រប់រូបទាំងអស់ ដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ។
អំណោយផ្តល់ជូនគ្រួសារនីមួយៗទទួលបាន អង្ករ ២៥គីឡូក្រាម, មីជាតិ ១កេស, ទឹកបរិសុទ្ធ ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ, ទឹកស៊ីអុីវ ១យួរ, និងថវិកាមួយចំនួន៕
ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង