ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យសម្ភារ មធ្យោបាយធ្វេីការ និងសំណេះសំណាល សួរសុខទុក្ខកងកម្លាំងមានសមត្ថកិច្ចក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពន្លត់អគ្គិភ័យជូនប្រជាពលរដ្ឋ
(កំពង់ចាម)៖ ព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចុះពិនិត្យសម្ភារ មធ្យោបាយធ្វេីការ និងសំណេះសំណាល សួរសុខទុក្ខកងកម្លាំងមានសមត្ថកិច្ចក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពន្លត់អគ្គិភ័យជូនប្រជាពលរដ្ឋ។
គួររំលឹកថា រយៈពេល៩ ខែដើមឆ្នាំនេះ ករណីអគ្គិភ័យបានឆាបឆេះលំនៅឋានរបស់ប្រជាពលរដ្ឋ ទ្រង់ទ្រាយមធ្យម មាន៤ករណី ស្ថិតក្នុងក្រុងកំពង់ចាម និងលក្ខណៈតូចតាច កើតឡើងតាមបណ្តាភូមិស្រុក ប៉ុន្តែគ្រប់ករណី គឺស្ថិតក្រោមការគ្រប់គ្រងស្ថានការណ៍បានយ៉ាងល្អពីសមត្ថកិច្ចយើង។
ជាការលើកទឹកចិត្តដល់កងកម្លាំងមានសមត្ថកិច្ច ដែលបានបំពេញការងារជូនប្រជាពលរដ្ឋបានល្អប្រសើរ ស្របតាមការចង់បានរបស់ប្រមុខថ្នាក់ដឹកនាំ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានយកឱកាសនោះ ថ្លែងការកោតសរសើរ និងនាំយកថវិកាឧបត្ថម្ភរបស់រដ្ឋបាលខេត្ត ជូនដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រួមនឹងបានបំពេញនូវការខ្វះខាតសម្ភារ បរិក្ខារ សម្រាប់ប្រើប្រាស់នៅក្នុងអង្គភាព ដើម្បីពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែ មានប្រសិទ្ធភាព និងសាកសិទ្ធភាព។
ឯកឧត្តម អភិបាលខេត្ត ក៏បានស្នើឱ្យកងកម្លាំងយើងទាំងអស់ បន្តខិតខំយកចិត្តទុកដាក់បំពេញការងារឱ្យទទួលបានជោគជ័យ ដើម្បីរក្សាបាននូវស្ថានភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ៕
ប្រភព៖រដ្ឋបាលខេត្តកំពង់ចាម