ថ្ងៃព្រហស្បតិ៍ ១៨-កញ្ញា-២០២៥ ០២:១៦:២៩ ល្ងាច

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យសកម្មភាពអនុវត្តផ្ទាល់របស់សិក្ខាកាមក្នុងរោងជាងជួសជុលយានយន្ត

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យសកម្មភាពអនុវត្តផ្ទាល់របស់សិក្ខាកាមក្នុងរោងជាងជួសជុលយានយន្ត

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី​២​ ខែកញ្ញា​ ឆ្នាំ​២០២៥​ នេះ ឯកឧត្ដម​ អ៊ុន​ ចាន់​ដា​ អភិបាលខេត្តកំពង់ចាម អមដំណើរដោយ ឯកឧត្តម​ សួស​ ឡា​ ប្រធានសាលាដំបូងខេត្ត ឯកឧត្តម​ វង្ស​ ប៊ុនវិសុទ្ធ​ ព្រះរាជអាជ្ញា​ននៃអយ្យការអមសាលាដំបូងខេត្ត និងក្រុមការងារ បានអញ្ជេីញ​ចុះពិនិត្យសកម្មភាពអនុវត្តផ្ទាល់របស់សិក្ខាកាមក្នុងរោងជាងជួសជុលយានយន្តនៃវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ចាម​ (TVET) ស្ថិតនៅសង្កាត់បឹងកុក ក្រុងកំពង់ចាម។
បន្ទាប់ពីជួបសំណេះសំណាល និងស្វែងយល់ពី សកម្មភាពការងារជំនាញខាងលើ ឯកឧត្ដម អភិបាលខេត្ត ក៏បានជំរុញដល់សិក្ខាកាមដែលកំពុងរៀនជំនាញបច្ចេកទេស​ និងកំពុងអនុវត្តន៍ផ្ទាល់លេីជំនាញជួសជុលម៉ូតូ​ និងរថយន្តនៅរោងជាង​នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម​ ទាំងអស់ឱ្យយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រ​ឱ្យបានចប់​ដេីម្បីយកចំណេះជំនាញដែលខ្លួនរៀនប្រកបរបរខ្លួនឯង​ ឬធ្វេីឱ្យគេ​ ដេីម្បីកាត់បន្ថយភាពក្រីក្រផង​ និងលេីកស្ទួយជីវភាពក្នុងគ្រួសារឱ្យកាន់តែល្អប្រសេីរឡើង។
នាយកវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ចាម បានបន្តចុះផ្សព្វផ្សាយផ្ទាល់នៅតាមមូលដ្ឋានដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធ​ ស្តីពីការចុះឈ្មោះចូលរៀនវគ្គជំនាញបច្ចេកទេសនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម​ និងបានសហការជាមួយមន្ទីរការងារក្នុងការផ្សព្វផ្សាយពីឱកាសដែលតាមបណ្តាក្រុមហ៊ុនចុះទៅធ្វេីវេទិកាការងារដល់ប្រជាពលរដ្ឋមកពីគ្រួសារក្រីក្រ​ និងពលករមកពីថៃ។
លោកនាយកវិទ្យាស្ថានបន្ថែមទៀតថា​ សម្រាប់ពលករមកពីប្រទេសថៃ​ និងយុវជន​មកពីគ្រួសារក្រីក្រក្នុងខេត្តកំពង់ចាម​ ពួកគេមកចុះឈ្មោះចូលរៀនវគ្គចំណេះជំនាញបច្ចេកទេសគឺមានកម្រិតតិចតួចបំផុត​ ប៉ុន្តែ​អ្វីដែលពួកគេចង់បានគឺចង់បានធ្វេីការងារទទួលបានប្រាក់ខែភ្លាមៗ។ 
ទន្ទឹមនេះ រដ្ឋបាល​ខេត្តកំពង់ចាម​ ក៏បានផ្សព្វផ្សាយ​ពីឱកាសការងារទៅតាមមូលដ្ឋាន​ជាប្រចាំជូនដល់ពលករមកពីថៃដែល​កំពុងស្នាក់នៅតាមខ្នង​ដោយបើក «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)​ដើម្បីផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ និងជាពិសេសបងប្អូនពលករដែលទើបត្រឡប់មកពីប្រទេសថៃ ឱ្យទទួលបានការងារធ្វេីភ្លាមៗ​ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម​ ត្រូវការកម្លាំងពលកម្មមានប្រមាណជាង១ម៉ឺនកន្លែងបន្ថែមទៀត៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម