អភិបាលខេត្តតាកែវ ដឹកនាំគណប្រតិភូ សួរសុខទុក្ខ និងនាំយកអំណោយសម្ភារ ថវិកាប្រគល់ជូននាយទាហាន ពលទាហាន នៃកងពលតូចថ្មើរជើងលេខ៣១ នៅខេត្តកំពត
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ នៅថ្ងៃចន្ទ ទី១៨ ខែសីហា ឆ្នាំ ២០២៥នេះ បានដឹកនាំគណប្រតិភូ រដ្ឋបាលខេត្តតាកែវ អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូន នាយទាហាន ពលទាហាន នៅកងពលតូចថ្មើរជើងលេខ៣១ ស្ថិតនៅឃុំច្រេះ ស្រុកជលគីរី ខេត្តកំពត ។
មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តតាកែវ បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរ:កងទ័ព ដែលបានលះបង់គ្រប់បែបយ៉ាង ជាពិសេសលះបង់អាយុជីវិត ដើម្បីការពារបូរណភាពទឹកដីមិនឱ្យសត្រូវចូលមកឈ្លានពានបានឡើយ។
ឯកឧត្តម វ៉ី សំណាង បានមានប្រាសាសន៍បន្តថា គំរូវីរភាពព្រះអង់អាចក្លាហាន របស់កងទ័ពនៅសមរភូមិមុខ បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ នៅសមរភូមិក្រោយជាពិសេស ប្រជាពលរដ្ឋនៅខេត្តតាកែវទាំងមូល មានការគោរព ស្ងប់ស្ងែងនឹងបាននាំគ្នារៃអង្គាសសម្ភារ ថវិកាគ្រប់បែបយ៉ាង នាំយកមកផ្ដល់ជូនអាជ្ញាធរខេត្ត ដើម្បីបន្តយកមកចែក ជូនដល់បងប្អូនកងទ័ពនៅសមរភូមិមុខ។
ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍បន្តថា សង្រ្គាម៥ថ្ងៃជាមួយទាហ៊ានឈ្លានពានសៀម បានធ្វើឱ្យ ប្រជាពលរដ្ឋទូទាំងប្រទេស ចេះរួបរួមសាមគ្គីគ្នាជាធ្លុងមួយជាមួយរាជរដ្ឋាភិបាល ជាពិសេសគ្នាបរិច្ចាគសម្ភារ និងថវិកាផ្ដល់ជូនវីរ:កងទ័ពដ៏អង់អាចក្លាហានដែលប្រយុទ្ធជាមួយសត្រូវសៀមឈ្លានពាន៕
ប្រភព៖ រដ្ឋបាលខេត្តតាកែវ