អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សម្រាប់ការប្រឡងបាក់ឌុប ឆ្នាំ២០២៥
ខេត្តបាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសំដៅធ្វើយ៉ាងណាឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៥ ប្រព្រឹត្តទៅដោយរលូននិងជោគជ័យតាមការគ្រោងទុក។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានណែនាំដល់កងកម្លាំងត្រូវពង្រឹងការរក្សាសន្តិសុខ សុវត្ថិភាព និងជួយសម្របសម្រួលដល់បេក្ខជនប្រឡងបាក់ឌុប។
ឯកឧត្តមអភិបាលខេត្ត ណែនាំមន្ទីរទេសចរណ៍ខេត្តត្រូវខិតខំផ្សព្វផ្សាយធ្វើយ៉ាងណាកុំឱ្យមានការដំឡើងថ្លៃសណ្ឋាគារ ផ្ទះសំណាក់ និងបន្ទប់ជួលក្នុងកំឡុងពេលប្រឡងបាក់ឌុប។
ជាមួយគ្នានោះ ឯកឧត្តម បានណែនាំដល់រដ្ឋបាលក្រុងបាត់ដំបង ពង្រឹងការត្រួតពិនិត្យសណ្ដាប់ធ្នាប់ និងទប់ស្កាត់ការរំពងសំឡេងគ្រប់ប្រភេទនៅក្បែរមណ្ឌលប្រឡង។
យោងតាមរបាយការណ៍ ស្ដីពីការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ២៨ សីហា ២០២៥ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង បានឱ្យដឹងថា នៅឆ្នាំសិក្សា២០២៤-២០២៥ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងដំណើរការសំណេរប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ ដោយអនុវត្តគោលការណ៍ទាំង៤នៃការប្រឡង គឺច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ អនុវត្តតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដំណើរការប្រឡងត្រូវបានចូលរួមផ្ដល់កិច្ចសហការយ៉ាងស្អិតរមួតពីរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក អាជ្ញាធរដែនដី ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងគ្រឹះស្ថានសិក្សាដែលជាមណ្ឌលប្រឡងនានា៕
ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង