ឯកឧត្ដម ឃួង ស្រេង និងឯកឧត្ដម នួន ផារ័ត្ន ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកំពង់ធំ
ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកំពង់ធំ ក្នុងគោលបំណងពង្រឹងចំណង មិត្តភាព បង្កើតកិច្ចសហប្រតិបត្តិការជាមិត្តភាពឱ្យកាន់តែជិតស្និទ្ធទៅវិញទៅមក។
ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ ក្រោមវត្តមាន និងជាសាក្សីដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ធំ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម នួន ផារ័ត្ន បានមានប្រសាសន៍លើកឡើងថា៖ ឯកឧត្ដមបានបំពេញការងារ ជាអភិបាលរងរាជធានីភ្នំពេញចំនួន៧ឆ្នាំ ។ ឯកឧត្ដម ពិតជាអរគុណចំពោះការបណ្តុះបណ្តាសមត្ថភាពថ្នាក់ក្រោមជាតិពីឯកឧត្ដម ឃួង ស្រេង រហូតឯកឧត្ដមទទួលបានការជឿទុកចិត្តពីរាជរដ្ឋាភិបាលតែងតាំងជាអភិបាលខេត្តកំពង់ធំ ហើយនាពេលនេះត្រូវបានសម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នាពេលនេះថែមទៀត។
ឯកឧត្ដម នួន ផារ័ត្ន បានបញ្ជាក់ថា៖ ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជាងភ្នំពេញប្រមាណ២០ដង មានប្រជាជនប្រមាណ៩០ម៉ឺននាក់ ដែលមានផ្ទៃដីសម្រាប់បង្កបង្កើនផលចំនួន ៣០ម៉ឺនហិកតា ក្នុងនោះស្វាយចន្ទីមានផ្ទៃដី ១៥ម៉ឺនហិកតា ផ្ទៃដីធ្វើស្រូវ ៥ម៉ឺនហិកតា និងកៅស៊ូចំនួន ១៥ហិកតា។ ការចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នឹងផ្តល់ឱកាសឱ្យខេត្តកំពង់ធំរៀនសូត្របានកាន់តែច្រើន ក្នុងការអភិវឌ្ឍខេត្តកំពង់ធំឱ្យកាន់តែរីកចំរើនបន្ថែមទៀត។
ក្នុងឱកាសនោះឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា៖ ការចងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការជាមួយខេត្តកំពង់ធំនាពេលនេះ បានជួយកសាងបរិយាកាសឱ្យកាន់តែអំណោយផល និងជំរុញដល់ការអភិវឌ្ឍ និងវិបុលភាព លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ កីឡា ដឹកជញ្ជូនសាធារណៈ កិច្ចការការពារបរិស្ថាន ផែនការ ការអភិវឌ្ឍទីក្រុងវៃឆ្លាតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត។
ឯកឧត្ដម ឃួង ស្រេង បានបន្តថា៖ រដ្ឋបាលខេត្តកំពង់ធំ ជាខេត្តទី២ បន្ទាប់ពីខេត្តព្រះវិហារដែលបានចងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការជាមួុយរាជធានីភ្នំពេញ។ ដោយសារខេត្តកំពង់ធំនៅមិនឆ្ងាយពីរាជធានីភ្នំពេញ ហើយជាខេត្តដែលពឹងផ្អែកលើកសិកម្ម ជា«ខេត្តអធិរាជស្វោយចន្ទី » ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ ពិសេសទីចាត់ការវិនិយោគ ជួយកៀងគរអ្នកវិនិយោគឱ្យបានច្រើនទៅវិនិយោគនៅខេត្តមួយនេះ។ យើងត្រូវស្វាគមន៍អ្នកវិនិយោគព្រមៗគ្នា ដើម្បីឱ្យប្រទេសកម្ពុជាយើងមានចំណូលកាន់តែច្រើន៕
ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ