ថ្ងៃព្រហស្បតិ៍ ១៨-កញ្ញា-២០២៥ ០៦:២៤:៣១ ល្ងាច

រដ្ឋបាលខេត្តពោធិ៍សាត់ ផ្តល់ជូនកុំព្យួទ័រយួរដៃ ដល់រដ្ឋបាលឃុំ សង្កាត់ទាំង៤៩ ស្មើនឹង៤៩គ្រឿង

រដ្ឋបាលខេត្តពោធិ៍សាត់ ផ្តល់ជូនកុំព្យួទ័រយួរដៃ ដល់រដ្ឋបាលឃុំ សង្កាត់ទាំង៤៩ ស្មើនឹង៤៩គ្រឿង

ខេត្តពោធិ៍សាត់៖ រដ្ឋបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅសាប្រជុំជាន់ទី១សាលាខេត្ត បានប្រគល់កុំព្យួទ័រយួរដៃ (LEDTOP) ជាគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ថ្នាក់ខេត្តត្រូវបានផ្តល់ជូនរដ្ឋបាលឃុំ សង្កាត់ទាំង៤៩ ស្មើនឹង៤៩គ្រឿង សម្រាប់ជំនួយការហិរញ្ញវត្ថុ ប្រើប្រាស់ក្នុងការរៀបចំរបាយការណ៍មូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់ តាមប្រព័ន្ធឌីជីថល។
ឯកឧត្តម ខួយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ថ្នាក់ខេត្ត បានថ្លែងអំណរគុណឯកឧត្តម នី គឹមសាន អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប និងជានាយកគម្រោងអាហារូបត្ថម្ភថ្នាក់ជាតិ និងសហការី ព្រមទាំងម្ចាស់ផ្តល់ជំនួយដែលបានយកចិត្តទុកដាក់ និងគិតគូរដល់ក្រុមការងារនៅថ្នាក់ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់តែងតែផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ប្រឹក្សាយោបល់ និងបានផ្ទេរមូលនិធិគាំទ្រផ្តល់សេវា។ គម្រោងអាហារូបត្ថម្ភខេត្តពោធិ៍សាត់ ត្រូវបានអនុវត្តដោយចែកចេញជា៣ដំណាក់កាល ត្រូវចាប់ផ្តើមពីជុំទី៣ មាន១ស្រុក ជុំទី៤ មាន៤ស្រុក ក្រុង និងជុំទី៥មាន ២ស្រុក ដែលមាន៧ស្រុក ក្រុង ៤៩ឃុំ សង្កាត់ និង៥២៧ភូមិ។ ឯកឧត្តមបានឱ្យដឹងទៀតថា ដំណាក់កាលទី១ (ជុំទី៣) គឺស្រុកបាកានមាន៩ឃុំ និង១៣២ភូមិ អនុវត្តក្នុងឆមាសទី២ ឆ្នាំ២០២២។ ដំណាក់កាលទី២ (ជុំទី៤) មាន៤ស្រុកគឺស្រុកវាលវែង ស្រុកតាលោសែនជ័យ ស្រុកភ្នំក្រវាញ និងក្រុងពោធិ៍សាត់ មាន២០ឃុំ សង្កាត់ និង១៧៤ភូមិ អនុវត្តក្នុងឆមាសទី២ ឆ្នាំ២០២៣។ ដំណាក់កាលទី៣ (ជុំទី៥) មាន២ស្រុកគឺស្រុកក្រគរ និងស្រុកណ្តៀង មាន២០ឃុំនិង២១៩ភូមិ អនុវត្តក្នុងឆ្នាំ២០២៤។ 
ជាមួយគ្នានោះក្រុមការងារអាហារូបត្ថម្ភថ្នាក់ខេត្តបានកែសម្រួល និងសម្របសម្រួលរៀបចំជ្រើសរើសក្រុមទ្រទ្រង់សុខភាពបាន៥២៧ភូមិស្មើនឹង១.០៥៤ក្រុម ក្នុង១ភូមិ២នាក់ ក្នុងនោះមានស្រ្តីចំនួន ៨៣៥នាក់។ ក្រៅពីនោះបានរៀបចំជនបង្គោលការងារបរិស្ថាន សង្គម និងជនជាតិដើមភាគតិចដល់រដ្ឋបាលខេត្ត រដ្ឋបាលស្រុក ក្រុង និងឃុំ សង្កាត់ ដោយមានកិច្ចសហការជាមួយមន្ទីរសុខាភិបាលខេត្ត ស្រុកប្រតិបត្តិ និងមណ្ឌលសុខភាពក្នុងការបណ្តុះបណ្តាលសុខ ភាពមាតាទារក កុមារ និងអាហារូបត្ថម្ភដល់អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារ ក្នុងឃុំ សង្កាត់និងក្រុមទ្រទ្រង់សុខភាពភូមិ។ 
ឯកឧត្តម បានលើកឡើងទៀតថា កិច្ចប្រតិបត្តិការមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់គឺដើម្បីដំណើរការគ្រប់គ្រងហិរញ្ញវត្ថុ ការប្រើប្រាស់មូលនិធិ វិធីសាស្ត្រវាយតម្លៃ និងការដាក់ពិន្ទុតាមសូចនាករវាយតម្លៃប្រចាំឆមាសនីមួយៗ និងរៀបចំរបាយការណ៍តាមប្រព័ន្ធឌីជីថល។
ក្នុងនាមរដ្ឋបាលខេត្តពោធិ៍សាត់ សូមលោក លោកស្រីទាំង៤៩ឃុំ សង្កាត់ក្រោយពីទទួលបាននូវកុំព្យួទ័រយួរដៃ(LEDTOP) គប្បីយកទៅប្រើប្រាស់បម្រើផលប្រយោជន៍សាធារណៈឱ្យចំគោលដៅនិងថែរក្សាឱ្យបានគង់វង្សពីព្រោះមានសារៈប្រយោជន៍ក្នុងការទុកដាក់ឯកសារ របាយការណ៍តាមប្រព័ន្ធឌីជីថល ងាយស្រួលក្នុងការតាមដាននិងរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តសកម្មភាពនៃកម្មវិធីឃុំ សង្កាត់ប្រកបដោយប្រសិទ្ធភាព ច្បាស់លាស់ត្រឹមត្រូវ និងគ្មានការបាត់បង់។ តាមរយៈនេះដែរ ឯកឧត្តមក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារដែលបានយកចិត្តទុកដាក់និងខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តគម្រោងអាហារូបត្ថម្ភកម្ពុជាថ្នាក់ជាតិ និងថ្នាក់ខេត្តកន្លងមកទទួលបានជោគជ័យយ៉ាងល្អប្រសើរ៕
ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់