ឯកឧត្តម គួច ចំរើន អំពាវនាវគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តខិតខំ និងការប្តេជ្ញាចិត្តខ្ពស់ចេញជាសកម្មភាព ក្នុងការថែរក្សាសម្អាតបរិស្ថាន
ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអំពាវនាវ ដល់ប្រជាពលរដ្ឋសិស្សានុសិស្ស អាជ្ញាធរគ្រប់ថ្នាក់ មន្ទីរពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ទាំងអស់សូមបន្តខិតខំ និងការប្តេជ្ញាចិត្តខ្ពស់ចេញជាសកម្មភាព ក្នុងការថែរក្សាសម្អាតបរិស្ថាន ក្នុងមូលដ្ឋានរបស់យើងឱ្យបានស្អាតជានិច្ច ដើម្បីបរិស្ថានល្អ មានសេចក្តីសុខក្នុងការរស់នៅ ទទួលបានសុខភាពល្អ និងអាយុវែង។
ការអំពាវនេះធ្វើឡើង នៅក្នុងទិវាសម្អាតពិភពលោក លើកទី៨ ក្រោមប្រធានបទ រួមគ្នាដើម្បី “ស្អាតទឹក ស្អាតដី ស្អាតខ្យល់” ដែលបានរៀបចំឡើងនៅបរិវេណវត្តសុវណ្ណវារី ឃុំព្រែកតាទែន ស្រុកពញាឮ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះសង្ឃ មន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុក ព្រមទាំងសិស្សានុសិស្ស ប្រជាពលរដ្ឋ ជាច្រើនរូបផងដែរ។
ថ្លែងក្នុងទិវានេះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការចូលរួមសម្អាតបរិស្ថានរបស់យើងទាំងអស់គ្នា គឺពិតជាមានសារៈសំខាន់ណាស់ ពីព្រោះសំរាមបានកើតឡើងដោយសារមនុស្ស ហើយបើមនុស្សគ្រប់រូបគ្មានការយល់ដឹងអំពីផលប៉ះពាល់ នៃសំរាមទាំងកាកសំណល់រឹងរាវ និងមិនបានចូលរួមក្នុងការគ្រប់គ្រងសំរាមនោះទេវានឹងបង្ករផលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន និងការរស់នៅរបស់យើងជាក់ជាមិនខាន។ ជាពិសេសគឺសំណល់ប្លាស្ទិក ដែលមិនរលាយហើយកង្កជាតិពុលចំពោះបរិស្ថាន ដែលទាមទារឱ្យយើងទាំងអស់គ្នាត្រូវចេះគ្រប់គ្រងទុកដាក់សំរាមទាំងនោះឱ្យបានត្រឹមត្រូវ និងត្រូវចេះកែច្នៃសំណល់ប្លាស្ទិកទាំងនោះមកប្រើប្រាស់ឡើងវិញទើបជាការប្រសើរ ចំនេញទាំងសេដ្ឋកិច្ច និងបរិស្ថានស្អាត។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្តថា ប្រទេសកម្ពុជាបានផ្តោតលើការរួមគ្នាដើម្បី “ស្អាតទឹក ស្អាតដី ស្អាតខ្យល់” ដែលជាវត្ថុបំណងរបស់យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ព្រមទាំងស្របតាមគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ក្រៅពីការប្រារព្ធទិវាសម្អាតពិភពលោកនៅទីនេះ រដ្ឋបាល ខេត្តកណ្តាល ក៏បាននិងកំពុងរៀបចំទិវាតាមភូមិ ឃុំ-ស្រុក ទូទាំងខេត្ត និងចូលរួមជាមួយបណ្តាខេត្តផ្សេងៗ ដើម្បីរក្សានូវកិត្តិនាមរបស់ប្រទេសកម្ពុជា ដែលជាប់ចំណាត់ថ្នាក់ទី៣ ឈានមុខគេ ក្នុងចំណោម ១៩១ ប្រទេសដែលបានចូលរួមទិវានេះ កាលពីឆ្នាំ២០២៤ កន្លងទៅ។
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ក្នុងរយៈពេលជាង ២៥ខែ នៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក និងមន្ទីរ-អង្គភាពជុំវិញខេត្ត បានខិតខំធ្វើការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ ធ្វើឱ្យខេត្តមានការប្រែប្រួលមុខមាត់ថ្មី និងរីកចម្រើន យ៉ាងឆាប់រហ័សលើគ្រប់វិស័យ ប្រកបដោយសោភណភាព និងបរិស្ថានបៃតង ក្នុងនោះ រួមមានការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការកែលម្អប្រព័ន្ធផ្លូវថ្នល់ ប្រព័ន្ធប្រឡាយ-លូ បណ្តាញទឹកស្អាត បណ្តាញអគ្គិសនី ភ្លើងបំភ្លឺសាធារណៈ ការកែលម្អលំហបៃតង សាធារណៈ និងសួនច្បារតាមមាត់ស្ទឹង-ទន្លេ ព្រមទាំងពង្រឹងការគ្រប់គ្រងសំណល់ រឹង-រាវគ្រប់ប្រភេទ។ ជាពិសេសទៀតនោះ សំណល់ប្លាស្ទិកប្រមាណជាង ៩០០ តោន ទើបត្រូវបាន ប្រមូលចេញពីទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ហើយថ្ងៃនេះ យើងនឹងបន្តប្រមូលសំរាមនៅទីនេះជាមួយគ្នា រហូតខេត្តកណ្តាលស្អាត គ្មានសំណល់ប្លាស្ទិកក្នុងទន្លេ នៅតាមភូមិ ឃុំ-សង្កាត់ ក្រុង-ស្រុក ក្នុងខេត្តរបស់យើង។
ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល