ឯកឧត្តម គួច ចំរើន៖ សមិទ្ធផលធំៗជាច្រើនដែលនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល គឺផ្ដើមចេញពីកត្តាសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល
ខេត្តកណ្ដាល ៖ សមិទ្ធផលថ្មីៗជាច្រើនរួមមានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រវ៉ាត់ក្រុង ស្ពានឆ្លងកាត់ទន្លេបាសាក់ ទន្លេមេគង្គ សាលារៀន មន្ទីរពេទ្យ ពិសេសព្រលានយន្តហោះអន្តរជាតិតេជោ បានលេចចេញជារូបរាងឡើង នៅក្នុងខេត្តកណ្ដាល សបញ្ជាក់ឱ្យឃើញពីការអភិវឌ្ឍ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ អតីតនាយករដ្ឋមន្ត្រី និងសម្ដេចមហាបបរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសកម្ពុជាឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះសមិទ្ធផលមួយថ្មីបន្ថែមទៀតនឹងលេចចេញជារូបរាងនាពេលខាងមុខនោះ គឺអគាររដ្ឋបាលខេត្តកណ្ដាលថ្មី ដែលកំពុងធ្វើការសាងសង់នៅលើទីតាំងចាស់ ដែលគិតមកដល់ពេលនេះសម្រេចការសាងសង់បាន ៦ ជាន់ និងបន្តការសាងសង់ឱ្យរួចរាល់តាមការគ្រោងទុក្ខ។
នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ឯកឧត្តម នូ សាខន ប្រធាន ក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈ អភិបាលខេត្តកណ្តាល បានអញ្ជើញពិនិត្យវឌ្ឍនភាពសាងសង់អគាររដ្ឋបាលសាលាខេត្តកណ្តាល ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានឱ្យដឹងថា៖ សមិទ្ធផលធំៗជាច្រើនដែលនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល គឺផ្ដើមចេញពីកាតាសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ទន្ទឹមនឹងនោះ សមិទ្ធផលថ្មីៗដែលបានលេចឡើងក្នុងខេត្តកណ្ដាល ពិសេសអាកាសយានដ្ឋានតេជោ ដែលទើបបើកឱ្យដំណើរការនាពេលថ្មីៗនេះ ហើយនេះពេលខាងមុខនឹងមានសមិទ្ធផលប្រវត្តិសាស្ត្រមួយបន្ថែមទៀតដែលនឹងមានរូបរាងនៅក្នុងខេត្តកណ្ដាល នោះគឺព្រែកជីកហ្វូណនតេជោ បន្ថែមពីនោះក៏មានអគាររដ្ឋបាលខេត្តកណ្ដាល ដែលកំពុងដំណើរការសាងសង់ផងដែរ។
ឯកឧត្តមអភិបាលខេត្ត បន្តថា៖ អាគាររដ្ឋបាលសាលាខេត្តកណ្ដាលថ្មីនេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ដ៏មានសារៈសំខាន់សម្រាប់បម្រើការងាររបស់មន្ត្រីរាជការ ពិសេសជាកន្លែងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព ស្របតាមពាក្យស្លោកមន្ត្រីរាជការគឺជាអ្នកបម្រើប្រជាពលរដ្ឋដ៏ស្មោះត្រង់។
ឯកឧត្តមអភិបាលខេត្ត បន្ថែមថា៖ ការចុះពិនិត្យនេះ មានគោលបំណងបង្ហាញប្រាប់គណៈកម្មការសាងសង់អាគាររដ្ឋបាលខេត្តកណ្ដាល អោយដឹងពីការសាងសង់អគាររដ្ឋបាលខេត្តកណ្ដាល ពីរចនាសម្ព័នអគារ ការតុបតែងលម្អរ បង្ហាញពីភាពខុសគ្នារវៀងជាន់និមួយៗ ការងារក្បាច់ និងទិដ្ធភាពរួមខាងក្រៅ។
ក្នុងឱកាសនោះដែរ ឯកឧត្តម នូ សាខន ប្រធាន ក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈ អភិបាលខេត្តកណ្តាល បានកោតសរសើចំពោះក្រុមស្ថាបត្យករ វិស្វករ កម្មករ កម្មការិនី ដែលបានប្រឹងប្រែងបំពេញការងារដែលមិនមែនត្រឹមតែបម្រើផលប្រយោជន៍រដ្ឋបាលខេត្តប៉ុណ្ណោះទេ ក៏ប៉ុន្តែបានគិតដល់ផលប្រយោជន៍ជាតិរបស់យើង ព្រោះសំណង់អគារថ្មីនេះគឺជាទ្រព្យសម្បត្តិសាធារណៈ បម្រើផលប្រយោជន៍ជាតិ និងប្រជាជនទាំងបច្ចុប្បន្ន និងទៅអនាគតផងដែរ។
ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល