អភិបាលខេត្តប៉ៃលិន អញ្ជេីញដឹកនាំកិច្ចប្រជុំពង្រឹងប្រសិទ្ធិភាពការងារ ការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ
ប៉ៃលិន៖ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានដឹកនាំកិច្ចប្រជុំ ដើម្បីពង្រឹងប្រសិទ្ធិភាពការងារក្នុងការបង្ក្រាបនិងទប់ស្កាត់បទល្មើសខុសច្បាប់នានា និងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌជាពិសេសការអនុវត្តន៍គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពជូនប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍ជំរុញនិងលើកទឹកចិត្ត ដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀតលើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព នៅតាមក្រុង ស្រុក ឃុំ សង្កាត់ ជាពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នឹងត្រៀមជានិច្ចដើម្បីបង្ការ និងទប់ស្កាត់ រាល់ករណីបទល្មើសនានា ដោយត្រូវដាក់កម្លាំងការពារល្បាតតាមទីកន្លែងកំសាន្តនានា និងនៅតាមទីវត្តអារាមក្នុងខេត្តមួយវិញទៀតតាមគ្រប់គោលដៅតាមបណ្តាអធិការដ្ឋាន នគរបាល និងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ត្រូវតែមាន មន្ត្រីនៅប្រចាំការ ២៤ម៉ោងលេី២៤ម៉ោង ដើម្បីត្រៀមដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានទាន់ពេលវេលា ។
លោកជំទាវ បានមានប្រសាសន៍លើកឡើងពីស្ថានភាពនៃការអភិវឌ្ឍប្រទេសជាតិនាពេលបច្ចុប្បន្ន ដែលមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក៏មានការងារធ្វើគ្រប់ៗគ្នាមានជីវភាពធូរធារ ដោយសាររាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំបន្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគិតគូខ្ពស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ព្រមទាំងផ្សាភ្ជាប់ និងការអនុវត្តផ្ទាល់ ដោយមានក្រុមការងារចុះជួយពង្រឹងគ្រប់ភូមិឃុំស្រុកខេត្ត នៅទូទាំងប្រទេសហើយទាំងអស់នេះមិនអាចប្រកែកបានឡើយ គឺកើតចេញពីគោលនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យសង្គមជាតិទទួលបាននូវសុខសន្តិភាព សុវត្ថិភាព និងស្ថិរភាពលើផ្ទៃប្រទេស ។
លោកជំទាវ ក៏បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋានដែលកន្លងមកបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែង បំពេញការងារប្រកបដោយការទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសការបង្កើនប្រសិទ្ធភាពការងារក្នុងការផ្តល់សេវាសាធារណ: ជូនដល់ប្រជាពលរដ្ឋប្រកបដោយសមធម៌ យុត្តិធម៌ តម្លាភាព និងដោះស្រាយបញ្ហាដែលកើតមានឡើងក៏ដូចជាសំណូមពរនានារបស់ប្រជាជនស្របទៅនឹងគោលនយោបាយភូមិ-ឃុំមានសុវត្តិភាពរបស់រាជរដ្ឋាភិបាល ៕
ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន