សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ ឯកឧត្តម ប៉ែន បញ្ញា
រសៀលថ្ងៃអង្គារ ២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា គណៈអធិបតីកិត្តិយស រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភាជាតិ ដល់គេហដ្ឋាន ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំការផ្តាំផ្ញើនឹករលឹកពីសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងជាគណៈអធិបតីកិត្តិយសរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាគណៈអធិបតីកិត្តិយស រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ជូនឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា និងក្រុមគ្រួសារ។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតក៏មានប្រសាសន៍ថា ក្រុមគ្រួសារពិតជាមានសេចក្តីរំភើបរីករាយយ៉ាងខ្លាំង មិនអាចយកអ្វីមកប្រៀបផ្ទឹមបានឡើយ និងសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងថ្នាក់ដឹកនាំរណសិរ្សគ្រប់លំដាប់ថ្នាក់ ដែលបានអញ្ជើញមកសួរសុខទុក្ខដល់គេហដ្ឋាន និងគោរពជូនពរដល់សម្តេចកិត្តិសង្គហបណ្ឌិត និងថ្នាក់ដឹកនាំសូមទទួលបាននូវសុខភាពល្អ ជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕