ថ្នាក់ដឹកនាំខេត្តបាត់ដំបង បន្តជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយសប្បុរសជនប្រគល់ជូនកងកម្លាំងកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ
ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃពុធ ទី០៣ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្ដម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានបន្តដឹកនាំគណៈប្រតិភូមន្ទីរ អង្គភាពជុំវិញខេត្តចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកនូវអំណោយរបស់សប្បុរសជននានាដែលបានឧបត្ថម្ភតាមរយៈរដ្ឋបាលខេត្តដើម្បីផ្តល់ជូនដល់កងកម្លាំងកំពុងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺបានគិតគូរយកចិត្តទុក ដាក់ឧបត្ថម្ភគាំទ្រនិងផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់កងទ័ពកម្ពុជាពុំឱ្យមានការខ្វះខាតនោះឡើយ។
ឯកឧត្តម សុខ លូ បានគូសបញ្ជាក់ថា អំណោយរបស់សប្បុរសជននាពេលនេះគឺជាការជួយគាំទ្រដល់កងកម្លាំងជួរមុខក្រោមស្មារតីស្នេហាជាតិ និងការចូលរួមចំណែកជួយជាតិតាមរយៈសមរភូមិក្រោយជួយសមរភូមិជួរមុខ។
ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសប្បុរសជនដែលបានឧបត្ថម្ភគាំទ្រជាថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗ សម្រាប់ចូលរួមទ្រទ្រង់ដល់បងប្អូនប្រជាពលករខ្មែរត្រឡប់ពីប្រទេសថៃ និងជួយគាំទ្រដល់កងកម្លាំងជួរមុខ ដែលជាការចូលរួមចំណែកជួយជាតិតាមរយៈសមរភូមិក្រោយ និងជាការលើកទឹកចិត្តដល់វីរកងទ័ពជួរមុខរបស់ប្រទេសកម្ពុជាយើង។
ឯកឧត្តមអភិបាលខេត្តបានប្ដេជ្ញាបន្តកៀរគរប្រមូលជំនួយដើម្បីបន្តជួយឧបត្ថម្ភគាំទ្របន្ថែមទៀតដល់កងកម្លាំងជួរមុខមិនឱ្យជួបបញ្ហាខ្វះខាតឡើយ។
ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា នឹងនៅតែបន្តនាំយកអំណោយរបស់សប្បុរសជននានាជាបន្តបន្ទាប់ទៀតមកផ្តល់ជូនជានិច្ច ដើម្បីឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខមិនឱ្យខ្វះខាតឡើយដើម្បីជាការលើកទឹកចិត្តក្នុងការឈរជើងការពារបូរណភាពទឹកដី។
ឯកឧត្តមក៏បាន ជំរុញឱ្យមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានផ្ដល់ការយកចិត្តទុកដាក់លើក្រុមគ្រួសារវីរកងទ័ពជួរមុខ ប្រសិនបើជួបការខ្វះខាត ត្រូវជួយឧបត្ថម្ភដល់ពួកគាត់មិនឱ្យខ្វះខាតឡើយ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម សុខ លូ អភិបាលខេត្ត បានថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ចំពោះការលះបង់ តស៊ូក្នុងការការពារជាតិមាតុភូមិ ការពារបូរណភាពទឹកដី ប្រកបដោយភាពអង់អាចក្លាហាន ឈរជើងការពារយ៉ាងរឹងមាំនៅតាមខ្សែបន្ទាត់ព្រំដែន៕
ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង