អភិបាលខេត្តត្បូងឃ្មុំ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំ ស្ដីពីលទ្ធផលដំណើរការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦ - ២០២៨)
ខេត្តត្បូងឃ្មុំ៖ នៅរដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំ ស្ដីពីលទ្ធផលដំណើរការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦ - ២០២៨) ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅសាលប្រជុំ ក សាលាខេត្តត្បូងឃ្មុំ។
ក្នុងកិច្ចប្រជុំនោះដែរ ធ្វើឡើងនាព្រឹកថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥ ក្នុងនោះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី អភិបាល/អភិបាលរងស្រុក ប្រធាន/អនុប្រធានមន្ទីរជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ឱ្យដឹងថា៖ កិច្ចប្រជុំនេះ មានគោលបំណង ពិនិត្យ សំណើរគម្រោងផែនការអភិវឌ្ឍប្រចាំឆ្នាំទាំងអស់ ដែលបានស្នើឡើងដោយរដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក មន្ទីរពាក់ព័ន្ធ ជៀសវាងការលើកឡើងនូវគម្រោងត្រួតគ្នា ឬឈ្មោះមានលក្ខណៈស្រដៀងគ្នា ដើម្បីដាក់ជូនក្រុមប្រឹក្សាខេត្តពិនិត្យ និងអនុម័ត។
ជាមួយគ្នានោះ ឯកឧត្តម បន្តថា ដោយផ្អែកលើផ្នែកមួយនៃការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយនិងច្បាប់គ្រប់គ្រងរដ្ឋបានរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងគោលបំណងដើម្បីធានាឱ្យមានគណនេយ្យភាពពិតប្រាកដជូនប្រជាពលរដ្ឋ ដែលបានលើកគម្រោងអភិវឌ្ឍន៍សម្រាប់ដោះស្រាយបញ្ហានានា ដែលជួនប្រទះនៅមូលដ្ឋានតាមរយៈការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល។
គូសបញ្ជាក់ផងដែរថា កម្មវិធីវិនិយោគបីឆ្នាំរំកិលជាក្របខណ្ឌការងារដ៏មានសារៈសំខាន់ និងជាឧបករណ៍សម្រាប់តម្រង់ទិស និងបង្ហាញនូវសកម្មភាពអភិវឌ្ឍន៍គ្រប់តួរអង្គទាំងរដ្ឋ និងអង្គភាពសង្គមស៊ីវិលនិងវិស័យឯកជនក្នុងខេត្ត សំដៅពង្រឹងកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព៕
ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ