ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តមន្ត្រីនគរបាលនារី ២រូប ដែលទទួលបានពានរង្វាន់ក្នុងការប្រកួត Sharp Blade 2025 International Sniper Competition ខាងផ្នែកបាញ់ស៊ីបនៅសាធារណរដ្ឋប្រជាមានិតចិន
រាជធានីភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តមន្ត្រីនគរបាលនារី ២រូប ដែលទទួលបានពានរង្វាន់ក្នុងការប្រកួត Sharp Blade 2025 International Sniper Competition ខាងផ្នែកបាញ់ស៊ីបនៅសាធារណរដ្ឋប្រជាមានិតចិន។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានសម្តែងនូវការអបអរសាទរ និងលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីនគរបាលទាំង ២រូប ដែលបានពុះពារដើម្បីទទួលបាន (ពាននៃការតស៊ូល្អបំផុត) ដែលធ្វើឡើងរយៈពេល៤ថ្ងៃ និងមានការចូលរួមពីប្រទេសចំនួន២៥ផងដែរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏បានជំរុញឱ្យមន្ត្រីនគរបាលដែលបានចូលរួមក្នុងការប្រកួតត្រូវខិតខំពង្រឹងជំនាញហ្វឹកហាត់ផ្នែកបាញ់ស៊ីប និងបន្តបណ្តុះបណ្តាលជំនាញនេះដល់មន្ត្រីនគរបាលជាតិនៅក្នុងអង្គភាពដើម្បីលើកកិត្តិយស និងភាពខ្ពស់មុខមាត់របស់មន្ត្រីនគរបាលជាតិទាំងអស់ផងដែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានអង្គរក្ស ដែលបានជួយជ្រោមជ្រែងផ្តល់លទ្ធភាពដល់នគរបាលនារីទាំងពីររូបឱ្យទៅចូលរួមរហូតទទួលបានពានរង្វាន់សំរាប់ជាកិត្តិយសដល់មន្ត្រីនគរបាលជាតិទាំងអស់។
គួរបញ្ជាក់ថា មន្ត្រីនគរបាលជាតិនារីចំនួនពីររូបរួមមាន វរសេនីយ៍ទោ សែម លីនី និងវរសេនីយ៍ទោ ហែម រ៉ាវី ជានាយរងផ្នែក នៃនាយកដ្ឋានអង្គរក្ស ត្រូវបានក្រសួងមហាផ្ទៃចាត់បញ្ជូនទៅប្រកួត Sharp Blade 2025 International Sniper Competition នៅសាធារណរដ្ឋប្រជាមានិតចិនចាប់ពីថ្ងៃទី១៥រហូតដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ដោយមានចំនួន២៥ប្រទេសចូលរួម ដែលមានវិញ្ញាសាជាច្រើនដូចជា ការបាញ់៤កាយវិការ ការបាញ់ពីលើអគារចំងាយពី១០០ទៅ៧០០ម៉ែត្រ ការរត់ឡើងភ្នំចំងាយ១គីឡូម៉ែត្រ ការរត់បាញ់ស៊ីបចំងាយ២០០ម៉ែត្រ ការរត់ចូលឡានសង្គ្រោះចំណាប់ខ្មាំង បាញ់ចំងាយ១៧៦ម៉ែត្រ ការបាញ់ស៊ីបចំងាយ៩០០ម៉ែត្រទៅ២៥០០ម៉ែត្រ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ