អភិបាលខេត្តប៉ៃលិន អញ្ជេីញចុះត្រួតពិនិត្យមើលវឌ្ឍនភាព ការស្ថាបនាសួនប៉ៃលិនមរតកតេជោ
ប៉ៃលិន៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្ត្រីជំនាញ និងក្រុមការងារ បានអញ្ជើញពិនិត្យមើលវឌ្ឍនភាពការស្ថាបនាសួន «ប៉ៃលិនមរតកតេជោ» ប្រកបដោយសោភណភាពស្រស់ស្អាត ដើម្បីជាការទាក់ទាញភ្ញៀវទេសចរទាំងក្នុងខេត្ត និងក្រៅខេត្ត មកលេងកំសាន្ត ដែលជាកត្តាជួយ ជំរុញកំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺបានបន្តខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើមហើយបច្ចុប្បន្ន រដ្ឋបាលខេត្តប៉ៃលិនបានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលំអបន្ថែម និងការថែទាំ ព្រមទាំងការកែរលម្អហេដ្ឋារចនាសម្ព័ន្ធ សួនច្បារសួនពុះចែកទ្រូងផ្លូវឱ្យបានកាន់តែល្អឡើងដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន និងសុខភាព ក៍ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភណភាពស្រស់បំព្រង ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្តក្នុងខេត្តប៉ៃលិនយើង ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាព របស់ ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។
លោកជំទាវ បានមានប្រសាសន៍បញ្ជាក់ថា៖ ការស្ថាបនាសួនច្បារដាក់ឈ្មោះសួន «ប៉ៃលិន មរតក តេជោ» គឺក្នុងគោលបំណងបង្ហាញពីវប្បធម៌កត្តញ្ញូសម្ដែងនូវការដឹងគុណ និងការចងចាំរំឭកដល់វីរភាពស្នាដៃនិងភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដ៏ទៃទៀតក្នុងការស្វែងរកសុខសន្តិភាព ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុសន្តិភាព ព្រមទាំងបង្ហាញពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តជាតិ និងបញ្ជាក់ពីសច្ចភាពប្រវត្តិសាស្រ្តពិតសម្រាប់មនុស្សជំនាន់ក្រោយបានស្វែងយល់ប្រវត្តិសាស្ត្រ របស់ខេត្តប៉ៃលិន ដែលជាចំណុចឈ្នួនផ្ទុះសន្តិភាព និងសមត្ថភាពចំណេះដឹងពិតប្រាកដនៃមគ្គុទេសន៍អ្នកដឹកនាំកម្ពុជា។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវបានមានប្រសាសន៍សំណូមពរដល់បងប្អូនប្រជាពលរដ្ឋត្រូវរួមគ្នា ជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ ព្រោះថាការស្ថាបនានិងជួសជុលហេដ្ឋារចនាសម្ព័ន្ធ គឺត្រូវចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយក្នុងនោះបងប្អូន ដែលរស់នៅតាមដងស្ទឹងប៉ៃលិន សូមមេត្តាយោគយល់ និងអធ្យាស្រ័យចំពោះផលប៉ះពាល់ ព្រមទាំងចូលរួមសហការជាមួយក្រុមការងារបច្ចេកទេសនិងអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យសមិទ្ធផលថ្មីនេះសម្រេចបានទៅតាមការគ្រោងទុកនិងឆាប់បានប្រើប្រាស់ជាប្រយោជន៍សាធារណៈទាំងអស់គ្នា ។
ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន