ថ្ងៃអង្គារ ១៥-កក្ដដា-២០២៥ ០៩:១២:៣០ ព្រឹក

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ណែនាំឱ្យបង្កើនពង្រឹងអនុវត្តវិធានការបង្រ្កាបឱ្យមានប្រសិទ្ធភាពចំពោះបទល្មើសអនឡាញ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ណែនាំឱ្យបង្កើនពង្រឹងអនុវត្តវិធានការបង្រ្កាបឱ្យមានប្រសិទ្ធភាពចំពោះបទល្មើសអនឡាញ

ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវបង្កើនពង្រឹងអនុវត្តវិធានការស្រាវជ្រាវបង្ការ និងបង្រ្កាបឱ្យមានប្រសិទ្ធភាពចំពោះបទល្មើសអនឡាញខុសច្បាប់។
ការណែនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃសភាពការណ៍បទល្មើស និងលទ្ធផលនៃកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើស និងរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ប្រចាំខែមិថុនា និងលើកទិសដៅការងារបន្តសម្រាប់ខែកក្កដាឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។
កិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពីលោក-លោកស្រីស្នងការរង លោកអនុប្រធានផែនលោក-លោកស្រីនាយការិយាល័យជំនាញទាំង៣៣ លោកអធិការខណ្ឌទាំង១៤ និងមន្រ្តីពាក់ព័ន្ធ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងដាក់ចេញនូវគោលការណ៍ដឹកនាំបញ្ជាទៅតាមការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ រួមមាន ៖ បង្កើនការការអនុវត្តបង្ការទប់ស្កាត់ និងកាត់បន្ថយបទល្មើសគ្រោះថ្នាក់ចរាចរណ៍ និងពង្រឹងត្រួតពិនិត្យចំពោះមន្រ្តីនគរបាលចរាចរណ៍ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈជំនាញ ជាពិសេសពង្រឹងកាត់បន្ថយភាពអសកម្មរបស់មន្រ្តីនគរបាលចរាចរណ៍នៅលើដងផ្លូវបង្កប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ។ត្រូវបង្កើនពង្រឹងអនុវត្តវិធានការស្រាវជ្រាវបង្ការ និងបង្រ្កាបឱ្យមានប្រសិទ្ធភាពចំពោះបទល្មើសអនឡាញខុសច្បាប់ ហើយត្រូវបំពេញភារកិច្ចដោយឆន្ទៈ និងមានការទទួលខុសត្រូវខ្ពស់។ 
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានមានប្រសាសន៍ណែនាំឱ្យបង្កើនការអនុវត្តតាមវិធានការជំនាញ ស្រាវជ្រាវបង្ការទប់ស្កាត់និងបទល្មើសព្រហ្មទណ្ឌដែលជាកង្វល់របស់ប្រជាពលរដ្ឋដូចជាបទល្មើសឆក់តាមផ្លូវសាធារណៈ និងបទល្មើសគាស់ផ្ទះយកទ្រព្យសម្បត្តិ និងបន្តយកចិត្តទុកដាក់បង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាពនិងបន្តយកចិត្តទុកដាក់គ្រប់គ្រងតាមដានព័ត៌មានលើការងារសន្តិសុខផងដែរ៕
ប្រភព ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ