ថ្ងៃពុធ ០៩-កក្ដដា-២០២៥ ០៦:២៦:៣៥ ល្ងាច

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារសម្រាប់ខែកក្កដា

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារសម្រាប់ខែកក្កដា

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារសម្រាប់ខែកក្កដា នៅរសៀលថ្ងៃអង្គារ ទី៨ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អាជ្ញាធរក្រុង-ស្រុក មន្ទីរជុំវិញខេត្ត និងកងកម្លាំងមានសមត្ថកិច្ចជាច្រើនរូប ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជំរុញដល់អាជ្ញាធរក្រុង-ស្រុក និងមន្ទីរការងារខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះពលករដែលត្រឡប់មកពីក្រៅប្រទេស ជាពិសេសប្រទេសថៃ ដោយមន្ទីរការងារត្រូវធ្វើការទាក់ទង់ និងជួយរកការងារជូនពួកគាត់នៅតាមបណ្ដារោងចក្រ សហគ្រាសនានា ទៅតាមជំនាញរបស់ពួកគាត់ ដើម្បីបង្កេីនកម្លាំងផលិត ជួយពង្រីកសេដ្ឋកិច្ចជាតិ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់មន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវខិតខំយកចិត្តទុកដាក់ពិនិត្យតាមដាន និងដោះស្រាយសំណើសំណូមពរដែលទទួលបានពីប្រជាពលរដ្ឋក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត លើកទី១ អាណត្តិទី៤ ឆ្នាំ២០២៤ ដែលនៅសេសសល់ឱ្យបានឆាប់រហ័សទាន់ពេលវេលា ពីព្រោះរដ្ឋបាលខេត្តគ្រោងនឹងរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនៅក្នុងអំឡុងខែ១១ ខាងមុខនេះហើយ។ ដោយឡែកសម្រាប់វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុង-ស្រុក ទាក់ទងនិងសំណើរសំណូមពរនានាដែលបានលើកឡើងដោយប្រជាពលរដ្ឋ គឺក្រុង-ស្រុកត្រូវទទួលខុសត្រូវដោះស្រាយនូវរាល់សំណើ និងសំណូមពរទាំងនោះឱ្យមានប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា។
នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់គ្រប់បឋមសិក្សា អនុវិទ្យាល័យ និងមណ្ឌលសុខភាព តាមបណ្ដាលក្រុង-ស្រុកទាំង១៣ ក្នុងខេត្តកណ្ដាលទាំងមូល ត្រូវតែចូលរួមដាក់ពាក្យក្នុងការប្រកួតប្រជែងអង្គភាពផ្តល់សេវាគំរូសម្រាប់ឆ្នាំ២០២៥នេះ ឱ្យបានគ្រប់អង្គភាពទាំងអស់ ចំពោះក្រុង-ស្រុកណាដែលមិនទាន់បានដាក់ពាក្យក្នុងការប្រកួតប្រជែងត្រូវពន្លឿនក្នុងការដាក់ពាក្យចូលរួមប្រកួតប្រជែងឱ្យបានទាន់ពេលវេលា ក្នុងគោលបំណងដើម្បីស្វែងយល់បានកាន់តែច្បាស់អំពីស្តង់ដារ និងសូចនាករដែលក្រសួងបានកំណត់ សំដៅបំពេញការផ្ដល់សេវារបស់ខ្លួនបានកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ ទន្ទឹមនឹងនេះ អាជ្ញាធរក្រុង-ស្រុក និងកម្លាំងមានសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ខិតខំធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដែលគ្រប់អាយុ និងហួសសុពលភាព ដើម្បីពួកគាត់ប្រើប្រាស់ស្របទៅតាមច្បាប់ ដូច្នេះគ្រប់រដ្ឋបាលក្រុង-ស្រុកកម្លាំងសមត្ថកិច្ចត្រូវសហការគ្នា ចេញអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត បានជំរុញ និងលើកទឹកចិត្តទៅដល់អភិបាលរងខេត្តដែលទទួលបន្ទុកក្នុងការងារដោះស្រាយបញ្ហាដីធ្លីទាំង៥ក្រុម ត្រូវបន្តខិតខំដោះស្រាយបញ្ចប់សំណុំរឿង និង ប្រមូលឯកសារឱ្យបានគ្រប់ជ្រុងជ្រោយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យបានច្បាស់លាស់ ចំពោះសំណុំរឿងដែលរាំងស្ទះដោយនៅមានសេសសល់បញ្ហាតិចតួច ឯកឧត្តមអភិបាលខេត្តនឹងរៀបចំប្រជុំដើម្បីដោះស្រាយបញ្ចប់ និងមានវិធានការបន្តទៀត៕
ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល