រដ្ឋបាលខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិ ទី៥ ឆ្នាំ២០២៥
(កំពង់ធំ)÷ ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៥ ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត មន្ត្រីសាលាខេត្ត កងកម្លាំងទាំង៣ ប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត នៅសាលប្រជុំសាលាខេត្តកំពង់ធំ។
ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ដៀប ពីរី បានលើកយករបៀបវារៈនៃកិច្ចប្រជុំមាន÷ ១- ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្ត។ ២- ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត។ ៣- ពិនិត្យ និងអនុម័ត សេចក្តីណែនាំ ស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៦-២០២៨។ ៤- បញ្ហាផ្សេងៗ។
ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត បានលើកយកពីសុខភាព និងអនាម័យគឺ សុខភាពប្រជាជន និងអាហារូបត្ថម្ភជាមូលដ្ឋានគ្រឹះគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស កំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។ បច្ចុប្បន្នគ្រប់ឃុំ សង្កាត់មានប៉ុស្តិ៍សុខភាព គ្រប់ក្រុង-ស្រុកមានមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកសម្រាប់បម្រើសេវាជូនប្រជាពលរដ្ឋ។ ថ្វីត្បិតវិស័យសុខាភិបាល មានស្ថានភាពល្អប្រសើរ តែត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត៖ ១.លើកកម្ពស់សុខភាព អាហារូបត្ថម្ភមាតា ទារក និងកុមារ។ ២.ជំរុញការទទួលយកសេវាសុខភាពនៅមូលដ្ឋានសុខាភិបាលសាធារណៈ។ ៣.ទប់ស្កាត់ ការរីករាលដាលនៃជំងឺឆ្លង និងជំងឺរ៉ាំរ៉ៃគ្រប់ប្រភេទ។ ៤.លើកកម្ពស់ការកែលម្អគុណភាព និងប្រសិទ្ធភាពសេវា សុខុមាលភាព។ ៥.បង្កើនប្រសិទ្ធភាពប្រព័ន្ធសន្តិសុខសង្គម និងផ្តល់សេវាស្តារលទ្ធភាពពលកម្ម និងកាយសម្បទា។
ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានបញ្ជាក់ថាទទួលបានសេចក្តីណែនាំនេះក្រុមការងារកសាងផែនការខេត្ត គណៈអភិបាលខេត្ត គណៈអភិបាលក្រុង/ស្រុក មន្ទីរវិស័យ បណ្តាដៃគូអភិវឌ្ឍទាំងអស់ ត្រូវចូលរួមអនុវត្តតាមសេចក្តីណែនាំឱ្យមានប្រសិទ្ធភាព។ គ្រប់ភាគីពាក់ព័ន្ធទាំងអស់នឹងផ្តល់ការគាំទ្រ និងចូលរួមកាន់តែសកម្មថែមទៀតក្នុងការដោះស្រាយរាល់បញ្ហាប្រឈម និងតម្រូវការរបស់ប្រជាពលរដ្ឋ តាមរយៈការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ និងធ្វើឱ្យស្ថានភាពរបស់ខេត្តកំពង់ធំទាំងមូលបន្តឈានឡើងជាវិជ្ជមាន។
ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ