ឯកឧត្ដម សួន សុម៉ាលីន ណែនាំមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ត្រូវបន្តពង្រឹងការអភិរក្សធនធានជលផល ព្រៃលិចទឹក ជាពិសេសការអភិរក្សត្រីមេពូជទន្លេមេគង្គ
ខេត្តព្រៃវែង៖ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានណែនាំមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ត្រូវបន្តពង្រឹងការអភិរក្សធនធានជលផល ព្រៃលិចទឹក ជាពិសេសការអភិរក្សត្រី មេពូជ ទន្លេមេគង្គ និងវារីសត្វកំពុងរងគ្រោះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងបន្ត លែងកូនត្រី ត្រីមេពូជ និងវារីសត្វឱ្យ កាន់តែច្រើនថែមទៀតទៅក្នុងទីជម្រកធម្មជាតិ។ ហើយមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវដឹកនាំ និងជំរុញគាំទ្រការចុះបញ្ជីដីរដ្ឋ តំបន់គ្រប់គ្រង ជលផល កន្លែងអភិរក្សជលផល ដីព្រៃលិចទឹក ដើម្បីទប់ស្កាត់ចលនាទន្ទ្រាន កាន់កាប់ដីរដ្ឋ ជាពិសេស នៅតំបន់ជុំវិញបឹងស្នេហ៍ និងកន្លែងដទៃទៀត ដែលជាកន្លែងជម្រកត្រីពងកូន លូតលាស់ ធំធាត់ និង ស្វែងរកចំណី។ មានប្រសាសន៍ណែនាំក្នុងឱកាសដែរ ឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ”ទិវាមច្ឆជាតិ”លែងកូនត្រីពូជ ០១ កក្កដា ឆ្នាំ២០២៥ ដែលប្រារព្ធធ្វើឡើងនៅបឹងស្នេហ៍ ទួលព័ន្ធតាឡី ស្ថិតនៅក្នុងភូមិទ័ពស្ដេច ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង នៅថ្ងៃចន្ទ ទី០៧ ខែកក្កដា ឆ្នាំ២០២៥។
ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត បានបន្តថា ត្រីគឺជាប្រភពអាហារដ៏ចម្បងជាលក្ខណៈប្រពៃណីតាំងពីដូនតា នៅក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សា ការពារធនធានជលផល ឱ្យបានស្ថិតស្ថេរគង់វង្ស សម្រាប់កូនចៅជំនាន់ ក្រោយៗទៀត។ ដូចនេះ តម្រូវឱ្យមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងចលនាលុបបំបាត់បទ ល្មើសនេសាទ ថែរក្សា អភិរក្ស និងលែងត្រីមេពូជ និងប្រភេទវារីសត្វកំពុងរងគ្រោះថ្នាក់ទៅក្នុងធម្មជាតិវិញ ដែលសុទ្ធតែជាសកម្មភាពមានតម្លៃធំធេងគួរឱ្យកោតសរសើរបំផុត។
ឯកឧត្ដម អភិបាលខេត្ត ក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដ៏ល្អប្រសើរ ដែលសម្រេចបាននាពេលកន្លងមក ក្នុងវិស័យកសិកម្មទាំងមូល ជាពិសេសអនុវិស័យជលផល ក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានជលផល ប្រកបដោយនិរន្តរភាព ដើម្បីធានាបាននូវការចូលរួមយ៉ាងសំខាន់ក្នុងសន្តិសុខស្បៀង រួមទាំងការអភិរក្សប្រភេទ ធនធានជលផល កំពុងរងគ្រោះ និងបានឆ្លុះបញ្ចាំងឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់បំពេញ ការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ព្រមទាំងកិច្ចសហការជិតស្និទ្ធរបស់អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៅទូទាំងខេត្ត៕
ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង