ថ្ងៃសុក្រ ២៩-មិនា-២០២៤ ១០:២៥:០៣ ល្ងាច

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ ប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីយ៉ាងសំខាន់ក្នុងការបំផុសស្មារតីប្រជាពលរដ្ឋឱ្យចូលរួមលើកកម្ពស់វិស័យកីឡា

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ ប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីយ៉ាងសំខាន់ក្នុងការបំផុសស្មារតីប្រជាពលរដ្ឋឱ្យចូលរួមលើកកម្ពស់វិស័យកីឡា

ភ្នំពេញ៖ ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ត្រូវបានរាជរដ្ឋាភិបាល កំណត់យកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ គឺជាថ្ងៃរៀបចំពិធីបើកការប្រកួត ខណៈពិធីបិទនឹងធ្វើឡើងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ផងដែរ។

បន្ទាប់មកកម្ពុជានឹងបន្ដរៀបចំព្រឹត្តិការណ៍ដ៏ធំមួយទៀត គឺការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលនឹងចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ។

 ទាក់ទិនព្រឹត្តិការណ៍ ដ៏សំខាន់នេះ លោក ខៀវ កាញារីទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២នៅ ក្នុងសាលប្រជុំនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដោយលោកលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីយ៉ាងសំខាន់ ក្នុងការបំផុសស្មារតី ប្រជាពលរដ្ឋ ឱ្យចូលរួមលើកកម្ពស់វិស័យកីឡា ព្រោះកីឡាមិនត្រឹមតែជួយឱ្យមានសុខភាពល្អប៉ុណ្ណោះទេ ថែមទាំងជួយកសាងកេរ្តិ៍ឈ្មោះប្រទេសជាតិផងដែរ។

  លោក រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា អ្នកសារព័ត៌មាន ពិធីករ ពិធីការិនី ត្រូវតែឧស្សាហ៍បំផុសអំពីវិស័យកីឡា ដែលស្របតាមពាក្យស្លោកថា «ប្រជាជនម្នាក់កីឡាមួយមុខ» និងព្យាយាមបង្ហាញពីការខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនី ដែលមានសមត្ថភាព ដើម្បីឱ្យប្រជាពលរដ្ឋបានស្គាល់និងយល់កាន់តែច្បាស់ ពីវិស័យកីឡា និងលើកកម្ពស់វិស័យនេះ ឱ្យកាន់តែរីកចម្រើន ។ ជាមួយននេះក្នុងឱកាសដែលកម្ពុជាត្រៀមខ្លួន ធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាSEA Games និង PARAGames ឆ្នាំ២០២៣ នាពេលខាងមុខ ត្រូវយល់ដឹងថា អ្នកសារព័ត៌មាន ក៏ត្រូវចេះរិះរកគន្លឹះ រំលេចអំពីវិស័យកីឡានេះ ឱ្យបានច្រើន ក្នុងប្រព័ន្ធ ផ្សព្វផ្សាយ ដោយសារព្រឹត្តិការណ៍កីឡាធំៗទាំងនេះ បានជួយលើកមុខមាត់ប្រទេសជាតិ ឱ្យបណ្ដាប្រទេសដទៃទៀតបានស្គាល់ និងបាន ដឹងអំពីសមត្ថភាពរបស់កីឡាករ កីឡាការិនី កម្ពុជា និងវប្បធម៌ខ្មែរយើងថែមទៀត។

លោករដ្ឋមន្រ្តីក៏បានបញ្ជាក់យ៉ាងច្បាស់ថា ទី១.យើងត្រូវចេះរកគន្លឹះបំផុសប្រជាពលរដ្ឋយើងឱ្យយល់ពីទម្លាប់ថ្មី ទី២ .បំផុសកីឡាឲ្យប្រជាពលរដ្ឋស្រឡាញ់កីឡា អាចលើកពីប្រវត្តិកីឡានេះ កីឡានោះ ទី៣. រើសរកមើលពន្លកថ្មី ទំពាំងថ្មី ដែលការងារទាំងបីនេះ គឺជាភារកិច្ចរបស់អ្នកសារព័ត៌មាន ក្នុងប្រព័ន្ធផ្សព្វផ្សាយ ខាងគណៈកម្មការកីឡាគេបណ្ដុះបណ្ដាលកីឡាករ កីឡាការិនី ។ ប៉ុន្តែយើងមានតួនាទីក្នុងការផ្សព្វផ្សាយ ដើម្បីលើកកីឡាករ កីឡាការិនីរបស់យើង បើសិនជាយើងធ្វើបានល្អយើងនឹងទទួលបានជោគជ័យ មួយវិញទៀត ការបង្ហាញជោគជ័យកីឡានេះគឺសំខាន់ណាស់សម្រាប់ប្រទេសជាតិផងដែរ ៕