ថ្ងៃពុធ ០៩-កក្ដដា-២០២៥ ០៥:៤៧:២២ ល្ងាច

អភិបាលខេត្តកែប ផ្ដល់អនុសាសន៍សំខាន់ៗ ៤ ចំណុច ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ “រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀន”

អភិបាលខេត្តកែប ផ្ដល់អនុសាសន៍សំខាន់ៗ ៤ ចំណុច ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ “រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀន”

ខេត្តកែប៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកែប នារសៀលថ្ងៃអង្គារ ទី៨ ខែកក្កដា ឆ្នាំ២០២៥​ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីប្រារព្ធ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ ឧសភា​ ឆ្នាំ២០២៥ ដែលជាខួបលើកទី៣៨ ក្រោមប្រធានបទ “រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀន” ដែលជាទិវាមួយដែលមានកិច្ចប្រឹងប្រែងបង្កេីតរួមគ្នាជាសាកល​ ទាំងសហគមន៍អន្តរជាតិ និងរាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេស​  បច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ បានដាក់ចេញនូវផែនការ​ សកម្មភាពជាច្រេីនក្នុងការប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀនជាប្រព័ន្ធ។
ក្នុងពិធីដែលរៀបចំឡើងនៅសាលប្រជុំធំសេះសសាលាខេត្តកែប នេះក៏មានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត ស្នងការ-ស្នងការរង និងការិយាល័យនៃស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការ-មេបញ្ជាការរង និងការិយាល័យនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត មេបញ្ជាការ-មេបញ្ជាការរង និងប្រធានប៉ុស្ដិ៍នៃវរៈសេនាតូចនគរបាលព្រំដែនទឹកលេខ៤៣០ អាគានុរក្ស ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយក-នាយករងទីចាត់ការ ប្រធានអង្គភាព ប្រធានការិយាល័យប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរិទ្ធិ យុវជន ស.ស.យ.ក យុវជន ស.យ.ស.ស យុវជនកាកបាតក្រហម ប្រធានក្រុមប្រឹក្សា និងអភិបាលក្រុង-ស្រុក លោកនាយករដ្ឋបាលសាលាក្រុង-ស្រុក អធិការ មេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទចំណុះក្រុង-ស្រុក មេឃុំ ចៅសង្កាត់ និងស្មៀន នាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់ ប្រធានមណ្ឌលសុខភាព មេភូមិគ្រប់ភូមិសរុប ៣៤៦នាក់។ 
ដើម្បីរួមគ្នាកម្ចាត់គ្រឿងញៀនឱ្យអស់ពីសង្គមកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានផ្ដល់អនុសាសន៍សំខាន់ៗចំនួន ៤ ចំណុចដូចជា៖ 
ទី១៖ ត្រូវចូលរួមបំផុសគ្រប់មហាជនដើម្បីចូលរួមបង្ការ ទប់ស្កាត់បទល្មើសគ្រឿងញៀនគ្រប់ប្រភេទ ជាពិសេសទិសស្លោក “ បីកុំ-មួយរាយការណ៍ ” គឺៈ
៣កុំ៖
- កុំពាក់ព័ន្ធ: គឺកុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន។
- កុំអន្តរាគមន៍: គឺកុំរារាំងការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន  ទោះបីជាក្រុមគ្រួសារសាច់ញាតិ ឬមិត្តភក្តិក៏ដោយ។ 
- កុំលើកលែង: គឺកុំបន្ធូរបន្ថយការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងស្មោះត្រង់នឹងវិជ្ជាជីវៈរបស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់។
-១រាយការណ៍៖ គឺត្រូវរាយការណ៍ ផ្តល់ព័ត៌មានដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃ ផលិត និងទីតាំងស្តុកទុកគ្រឿងញៀន។
ទី២៖ មន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបន្តធ្វើតេស្តស្វែងរកសារធាតុគ្រឿងញៀនឱ្យបានគ្រប់ៗគ្នា និងធ្វើរបាយការណ៍ជូនរដ្ឋបាលខេត្ត។
ទី៣៖ លេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ត្រូវធ្វើបច្ចុប្បន្នភាពបន្តទៀតនូវមន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដែលពុំទាន់បានធ្វើតេស្តស្វែងរកសារធាតុគ្រឿងញៀន ដើម្បីធ្វើតេស្តបន្តទៀតឱ្យបានគ្រប់ៗគ្នា។ 
ទី៤៖ ស្នងការនគរបាលខេត្ត និងប្រធានមន្ទីរសុខាភិបាលខេត្ត ត្រូវបន្តចាត់តាំងកម្លាំងជំនាញសហការជាមួយលេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ចុះធ្វើតេស្តលើមន្រ្តីរាជការទូទាំងខេត្តបន្តទៀតស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល។ 
ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានថ្លែងកោតសរសេីរចំពោះសមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធដែលបានចូលរួមក្នុងកិច្ចការបង្ក្រាបសកម្មភាពគ្រឿងញៀននៅក្នុងស្រុក-ក្រុងនានា ក្នុងពេលកន្លងមក ហើយឯកឧត្តមបណ្ឌិតក៏បានអំពាវនាវឱ្យបន្តកិច្ចការប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យបានជាប់លាប់ដោយផ្ដោតលើការអប់រំ ផ្សព្វផ្សាយ និងការចូលរួមពីសហគមន៍៕
ប្រភព៖ រដ្ឋបាលខេត្តកែប