ថ្ងៃអង្គារ ១៥-កក្ដដា-២០២៥ ០៩:១៤:៣៥ ព្រឹក

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ អញ្ជើញចូលរួមទស្សនាល្ខោនបាសាក់នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បះរាជធានីភ្នំពេញក្រុមទី១

ឯកឧត្តម ឃួង ស្រេង  និងលោកជំទាវ អញ្ជើញចូលរួមទស្សនាល្ខោនបាសាក់នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បះរាជធានីភ្នំពេញក្រុមទី១

ភ្នំពេញ៖ នារាត្រីថ្ងៃអាទិត្យទី១៣ ខែកក្កដា ឆ្នាំ២០២៥ ដែរ
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានអញ្ជើញចូលរួមទស្សនាល្ខោនបាសាក់នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បះរាជធានីភ្នំពេញក្រុមទី១ ដែលដឹកនាំការសម្ដែងដោយលោក អុល សំអាង ហើយបានសម្តែងជារឿង «តេជោមាស តេជោយ៉ត» ដែលជារឿងបុរាណរបស់ខ្មែរ នាសម័យប្រឆាំងការឈ្លានពានពីសំណាក់ចោរសៀម ដែលរោងល្ខោនខាងលើនៅផ្លូវថ្មើរជើង (Walk Street)។ 
នៅក្នុងការសម្តែងរបស់ក្រុមសម្តែងល្ខោន ក្នុងសាច់រឿង «តេជោមាស តេជោយ៉ត» ដែលសម្តែងជូនអ្នកទស្សនា នារាត្រីទី១៣ កក្កដានេះ ជាសាច់រឿងមួយឆ្លុះបញ្ចាំង ពីភាពប៉ិនប្រសព្វនិងឈ្លាសវៃ របស់ព្រះមហាក្សត្រខ្មែរ និងមេទ័ពដ៏អង់អាចរបស់ខ្មែរ នាសម័យនោះ ដែលបានធ្វើឱ្យកម្លាំងទ័ពបច្ចាមិត្តសៀម ដែលចង់ឈ្លានពាន គ្រប់គ្រងដែននគរខ្មែរ ត្រូវវិនាសរត់ខ្ចាត់ខ្ចាយ និងកោតខ្លាចអំណាចឥទ្ធិពលព្រះមហាក្សត្រខ្មែរសម័យនោះ ពោលចន្លោះឆ្នាំ១៥៧៥ ដល់១៥៩៣ ។ ជាក់ស្តែងនៅឆ្នាំ២០២៥ នេះទៀតសោត ប្រទេសភូមិផងរបងតែមួយរបស់ខ្មែរដដែលនេះ នៅតែចិញ្ចឹមចិត្តចង់បានទឹកដីរបស់ខ្មែរឥតឈប់ឈរ រហូតចូលមកលប់លួចបាញ់សម្លាប់ទាហានខ្មែរម្នាក់ ស្លាប់បាត់បង់ជីវិតក្នុងទឹកដីខ្មែរ ដែលហេតុការណ៍នេះ បានបង្ករជាបញ្ហាជម្លោះព្រំដែន និងឈានដល់ការបិទច្រកទ្វារព្រំដែន ចាប់តាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ រហូតដល់បច្ចុប្បន្ន ។ 
ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីបានលើកឡើងថា៖ផ្លូវថ្មើរជើងយើងបានធ្វើល្អបាន៩៩%ហើយ នៅសល់១%ទៀតយើងបន្តធ្វើឱ្យបានល្អប្រសើរថែមទៀត។តែទោះបីយ៉ាងណាការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ រៀបរៀបរយសាធារណៈនៅលើដង  ផ្លូវថ្មើរជើង (Walk Street) នៅតែជាចំណុចអាទិភាពដែលត្រូវយកចិត្តទុកដាក់បំផុត។ពិសេសការយកចិត្តទុកដាក់ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
ក្នុងឱកាសនោះដែរឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់ក្រុមលោក អុល សំអាងសម្ដែងល្ខោនបាសាក់រឿង «តេជោមាស តេជោយ៉ត»នេះផងដែរ ៕
ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ