ថ្ងៃអង្គារ ០៧-ឧសភា-២០២៤ ០៨:៣៣:៣៩ ព្រឹក

ឧត្តមសេនីយ៍ទោ សោម ស៊ុន ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ អប់រំពង្រឹងតួនាទីភារកិច្ចកងយោធពលខេមរភូមិន្ទ ជូនកងដល់កម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

ឧត្តមសេនីយ៍ទោ សោម ស៊ុន ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ អប់រំពង្រឹងតួនាទីភារកិច្ចកងយោធពលខេមរភូមិន្ទ ជូនកងដល់កម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដំណើរការផ្សព្វផ្សាយសភាពការណ៍ជាតិ អន្តរជាតិ ដែលកើតមានឡើងថ្មីៗ និងបានអប់រំពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ជូនដល់យោធិនចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់អំពីសភាពការណ៍សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនដែលមានរយៈពេលជាង ២ឆ្នាំកន្លងទៅ ហើយនៅតែបន្តការអូសបន្លាយ និងបញ្ហាសង្គ្រាមរវាងអ៊ីស្រាអែលជាមួយក្រុមហាម៉ាសប៉ាលីស្ទីន ព្រមទាំងផលវិបាក ដែលកើតមានឡើងដោយសារសង្គ្រាម។ សង្គ្រាមបានបង្ករវិនាសកម្មគ្រប់យ៉ាង បំផ្លាញអាយុជីវិតមនុស្ស បំផ្លាញហេដ្ឋារចនាសម្ព័ន្ធគ្រប់វស័យនិងសេចក្ដីសុខសាន្តរបស់ប្រជាជន ។ 

នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោសោម ស៊ុន ក៏បានផ្សព្វផ្សាយអំពីប្រតិភូរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន អូស្ត្រាលី នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ដោយមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលរស់នៅប្រទេសអូស្ត្រាលី និងអញ្ជើញមកពីប្រទេសនូវែលហ្សេឡង់ យ៉ាងច្រើនកុះករ ដើម្បីទទួលស្វាគមន៍អបអរសាទរដំណើរទស្សនកិច្ចផ្លូវការ និងការចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានអូស្ត្រាលីនៅពេលនេះ។ ដែលនេះជាមោទនភាពរបស់ប្រជាជនកម្ពុជានៅលើឆាកអន្តរជាតិ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានក្រើនរំលឹកដល់មេបញ្ជាការគ្រប់លំដាប់ថ្នាក់ និងយោធិនគ្រប់រូប ត្រូវប្តេជ្ញាចិត្តដាច់ខាត ការពារបូរណភាពទឹកដី ការពារអធិបតេយ្យភាពកម្ពុជា ការពារជាតិសាសនាព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងពីការបោះឆ្នោត ក្រោមការដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងត្រូវសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងត្រូវបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា ឲ្យអស់ពីចិត្តពីថ្លើម ដើម្បីរក្សាឲ្យបាននូវសុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះឲ្យនៅគង់វង្សជារៀងរហូត ។