ថ្ងៃសុក្រ ២៨-វិច្ឆិការ-២០២៥ ០១:៤៣:៥៦ ល្ងាច

អភិបាលខេត្តកំពង់ចាម អំពាវនាវដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា អញ្ជើញមកធ្វើបច្ចុប្បន្នភាពប័ណ្ណបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ឱ្យបានគ្រប់គ្នា

អភិបាលខេត្តកំពង់ចាម អំពាវនាវដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា អញ្ជើញមកធ្វើបច្ចុប្បន្នភាពប័ណ្ណបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ឱ្យបានគ្រប់គ្នា

(កំពង់ចាម)៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា សូមអញ្ជើញមកធ្វើបច្ចុប្បន្នភាពប័ណ្ណបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ឱ្យបានគ្រប់គ្នា ដើម្បីទុកប្រើប្រាស់ សម្រាប់ពិនិត្យសុខភាព និងព្យាបាលជម្ងឺ។

ការអំពាវនាវនេះ ក្នុងឱកាសឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញធ្វើបច្ចុប្បន្នភាព ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម ប.ស.ស ស្ថិតនៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឯកឧត្តម អភិបាលខេត្ត ក៏បានស្នើដល់ក្រុមការងារ ប.ស.ស ធ្វើប័ណ្ណជូនដល់លោកគ្រូ អ្នកគ្រូ នាយកសាលា និងសិស្សានុសិស្សដែលកំពុងសិក្សានៅសាលាអប់រំពិសេសខេត្ត និងមណ្ឌលកុមារកំព្រាខេត្ត ដើម្បីជួយសម្រាលបន្ទុកដល់សាលា និងកាត់ បន្ថយការចំណាយរបស់សាលា និងមជ្ឈមណ្ឌលផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តក៏បានលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋគ្រប់រូប ទាំងវិស័យរដ្ឋ ឯកជន សូមអញ្ជើញមកធ្វើ ប័ណ្ណ ប.ស.ស ទាំងអស់គ្នាព្រោះតែការធ្វើប័ណ្ណ ប.ស.ស ជារឿងល្អបំផុត ដោយសាររាជរដ្ឋាភិបាលបង្កើតឡើងដើម្បីការពារ ចំពោះប្រជាពលរដ្ឋរបស់ខ្លួនដែលមិនមានលទ្ធភាពរកប្រាក់ចំណូល ឬដែលកំពុងប្រឈមនឹងការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ ដោយសារហានិភ័យសង្គមតាមរយៈការផ្ដល់នូវធនធានខាងហរិញ្ញវត្ថុ ឬវត្ថុប្រើប្រាស់ចាំបាច់ ឬក៏ការផ្ដល់សេវាកម្មផ្សេងៗ ម្យ៉ាងវិញទៀតការបង្កើតរបបសន្ដិសុខសង្គម បានធានាដល់បុគ្គលដែលត្រូវគាំពារមិនឱ្យធ្លាក់ទៅក្នុងហានិភ័យ នៃការបាត់បង់ប្រាក់ចំណូល និងធ្លាក់ទៅក្នុងភាពក្រីក្រ។

ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានបន្តថានៅពេលបងប្អូនប្រជាពលរដ្ឋមានហានិភ័យសង្គមនានាកើតឡើងសម្រាប់អ្នកប្រើប័ណ្ណប.ស.ស នៅតែមានប្រាក់ចំណូលស្របទៅតាមច្បាប់បានកំណត់ដែលបងប្អូនយើងអាចជៀសផុតពីភាពក្រីក្រ និងជួយដល់ក្រុមគ្រួសារយើង។ កត្តានេះធ្វើឱ្យប្រទេសអភិវឌ្ឍបានជឿនលឿន ដោយសារមានទំនុកចិត្ត និងកំណើនសេដ្ឋកិច្ច តាមរយៈការរីកចម្រើនជីវភាពរបស់ប្រជាពលរដ្ឋ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម