ថ្ងៃព្រហស្បតិ៍ ១៨-កញ្ញា-២០២៥ ០៦:២០:៤៥ ព្រឹក

អភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋក្នុងឃុំសំបូរ ស្រុកសំបូរ

អភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋក្នុងឃុំសំបូរ ស្រុកសំបូរ

ខេត្តក្រចេះ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋចំនួន ៣.៣៤៥បណ្ណ ស្ថិតនៅភូមិសំបូរ ភូមិកែងប្រាសាទ ភូមិដូនមាស ភូមិកោះរាល ភូមិស្រែខឿន ភូមិចារថ្នោល និងភូមិសំរោង ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ។ 
ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានមានប្រសាសន៍គូសបញ្ជាក់ថា ៖ ក្រោមការដឹកនាំរបស់សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ការគ្រប់គ្រងដីធ្លី គឺពិតជាមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ ក្នុងការស្នាក់នៅ និងប្រើប្រាស់តាមតម្រូវការផង និងកាត់បន្ថយទំនាស់ដីធ្លីនៅក្នុងមូលដ្ឋាន ព្រោះថាការចុះបញ្ជីដីធ្លី ដែលជាការផ្តល់បណ្ណកម្មសិទ្ធិ ដល់ប្រជាពលរដ្ឋឱ្យបានលឿន ដើម្បីជាមូលដ្ឋានប្រភពសេដ្ឋកិច្ច និងសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី ស្របតាមគោលនយោបាយគន្លឹះចំនួន ៣គឺ (ការចុះបញ្ជីដីបង្ហើយ សេវាគាប់ចិត្ត និងបរិយាកាសគ្មានវិវាទ) ដូច្នេះទើបរាជរដ្ឋាភិបាលជំរុញក្នុងការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់។ 
ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រួមទាំងព្រះសង្ឃ ដែលកន្លងមកបានផ្ដល់ការគាំទ្រ ទាំងសម្ភារគ្រឿងឧបភោគបរិភោគ ថវិកា ដល់វីរកងទ័ពនៅជួរមុខ និងជនភៀសសឹក ជាពិសេសគ្រប់ៗគ្នាមានការគាំទ្រជាស្មារតីទៅដល់កងទ័ពជួបមុខរបស់យើង ក៏ដូចជាការផ្ដល់ការជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវវិធានការនានា ជាមួយប្រទេសជិតខាងពេលកន្លងមកនេះ និងសូមបន្តការគាំទ្រនូវស្មារតីជាធ្លុងមួយ ដើម្បីសន្តិភាព និងបូរណភាពទឹកដីសម្រាប់កម្ពុជាយើង។
ឯកឧត្តម វ៉ា ថន ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ នៅពេលទទួលបានបណ្ណកម្មសិទ្ធិហើយសូមបងប្អូនត្រូវគិតគូទុកដាក់ថែរក្សាឱ្យបានល្អ។ បណ្ណដីនេះ គឺពិតជាមានតម្លៃជាងដីដែលគ្មានបណ្ណកម្មសិទ្ធិ ពីព្រោះដីដែលមានកម្មសិទ្ធិគឺបញ្ជាក់ថា ដីដែលមានសុវត្ថិភាព ទទួលស្គាល់ដោយអាជ្ញាធរ ជៀសផុតពីការរំលោភបំពាន និងកាត់បន្ថយជម្លោះ និងមានសុវត្ថិភាពក្នុងការសម្គាល់សិទ្ធិកាន់កាប់ ការទិញលក់ បញ្ចាំ ដីធ្លីរបស់ខ្លួនស្របតាមច្បាប់ជាដើម៕
ប្រភព៖ រដ្ឋបាលខេត្តក្រចេះ