អភិបាលខេត្តកណ្ដាល អញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅ មណ្ឌលវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ
ខេត្តកណ្ដាល៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល  ព្រមទាំងអាជ្ញាធរក្រុងតាខ្មៅ បានអញ្ជើញចុះពិនិត្យការប្រលង និងចូលរួមបើកវិញ្ញាសាប្រឡងសញ្ញាបបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ឆ្នាំ២០២៤-២០២៥ នៅវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ។     
ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បានលើកទឹកចិត្ត និងផ្តាំផ្ញើដល់ក្មួយៗ ជាសិស្សានុសិស្សទាំងអស់ សូមកុំមានការភិតភ័យ ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ធ្វើឱ្យបានរួចរាល់លើគ្រប់វិញ្ញាសា និងសូមបេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួន នូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ និងឯកសារផ្សេងៗចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត ករណីរកឃើញនោះនឹងត្រូវកំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិ។
ឯកឧត្តមអភិបាលខេត្ត ក៏បានជូនពរ ដល់សិស្សានុសិស្សទាំងអស់ សូមទទួលបានលទ្ធផលជោគជ័យ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នាក្នុងសម័យប្រឡងឆ្នាំនេះ ដើម្បីជាទុនសម្រាប់បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាបន្ថែមទៀត។
យោងតាមរបាយការណ៍ បានឱ្យដឹងថា ឆ្នាំនេះខេត្តកណ្ដាល មានមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំនួន ១៩មណ្ឌល ស្មើនឹង ៥០៤បន្ទប់ កើន ៣៩បន្ទប់  ដែលមានថ្នាក់វិទ្យាសាស្ត្រ ០៦មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ១៣មណ្ឌល។ មណ្ឌលទាំង១៩នោះ គឺមាននៅតាមសាលាក្នុងក្រុង ស្រុក ចំនួន៦ រួមមាន៖ 
១-ក្រុងតាខ្មៅ មាន ៥មណ្ឌល សម្រាប់បេក្ខជនមកពី៖ ក្រុងតាខ្មៅ -សាលាឯកជន(សុវណ្ណភូមិ -ប៊ែលធី-វេស្ទលែនដ៍) បេក្ខជនស្វៃរិនចំណេះទូទៅ បេក្ខជនបំពេញវិជ្ជា និង ស្វៃរិនបំពេញវិជ្ជា។ 
២-ស្រុកស្អាង មាន  ៣មណ្ឌល សម្រាប់បេក្ខជនមកពី៖ស្រុក ស្អាង ស្រុកកោះធំ និងក្រុងសំពៅពូន ។ 
៣-ស្រុកកណ្ដាលស្ទឹង មាន  ៣មណ្ឌល សម្រាប់បេក្ខជនមកពី ៖ ស្រុកកណ្ដាលស្ទឹង  និងស្រុកអង្គស្នួល។ 
៤-ស្រុកកៀនស្វាយ មាន  ២មណ្ឌល សម្រាប់បេក្ខជនមកពី៖ ស្រុកកៀនស្វាយ និងស្រុក លើកដែក ។ 
៥-ស្រុកពញាឮ មាន  ៣មណ្ឌល សម្រាប់បេក្ខជនមកពី ៖ ស្រុកពញាឮ ស្រុកអង្គស្នួល និងស្រុកមុខកំពូល ។ ៦-ស្រុកខ្សាច់កណ្តាល មាន ៣មណ្ឌល សម្រាប់បេក្ខជនមកពី ៖ ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងក្រុង អរិយក្សត្រ។ ខេត្តកណ្ដាល មានបេក្ខជនចុះឈ្មោះក្នុងបញ្ជីប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សរុបចំនួន ១២៤២១នាក់ ស្រី ៧០០៥នាក់ ក្នុងនោះមាន៖ ១-បេក្ខជនចំណេះទូទៅ-ថ្នាក់វិទ្យាសាស្រ្ត ៣១៨៤នាក់ ស្រី ១៩៦១នាក់
-ថ្នាក់វិទ្យាសាស្រ្តសង្គម ៧៩៨០នាក់ ស្រី  ៤៤៨១នាក់។ ២-បេក្ខជនស្វៃរិនចំណេះទូទៅ-ថ្នាក់វិទ្យាសាស្រ្ត ០១នាក់ ស្រី ០១នាក់
-ថ្នាក់វិទ្យាសាស្រ្តសង្គម ៩០៥នាក់ ស្រី ៤៥៩នាក់
៣-បេក្ខជនបំពេញវិជ្ជា-ថ្នាក់វិទ្យាសាស្រ្ត  គ្មាន-ថ្នាក់វិទ្យាសាស្រ្តសង្គម ៣១៦នាក់ ស្រី ៩២នាក់
៤-បេក្ខជនស្វៃរិនបំពេញវិជ្ជា-ថ្នាក់វិទ្យាសាស្រ្ត  គ្មាន-ថ្នាក់វិទ្យាសាស្រ្តសង្គម ៣៥នាក់ ស្រី  ១១នាក់
សូមបញ្ជាក់ថា បើធៀបទៅនឹងឆ្នាំសិក្សា២០២៣ -២០២៤៖-មណ្ឌលប្រឡង កើន ចំនួន ០១មណ្ឌល-បេក្ខជន   កើន ចំនួន ១ ៣០៧នាក់
ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល
.jpg)
.jpg)
.jpg)