ថ្ងៃអង្គារ ០៤-វិច្ឆិការ-២០២៥ ០១:៣៥:១៤ ល្ងាច

រដ្ឋ​បាលខេត្តតាកែវ​ សហការវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.)​រៀបចំវេទិកាសន្ទនាស្តីពី «កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូដើម្បីពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងបរិបទថ្មី»

រដ្ឋ​បាលខេត្តតាកែវ​ សហការវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.)​រៀបចំវេទិកាសន្ទនាស្តីពី «កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូដើម្បីពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងបរិបទថ្មី»

តាកែវ៖ រដ្ឋ​បាលខេត្តតាកែវ​ នៅព្រឹកថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០២៥ សហការ​ជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.)​រៀបចំវេទិកាសន្ទនាស្តីពី «កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូដើម្បីពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងបរិបទថ្មី» ដែលវេទិកានេះរៀបចំធ្វេីឡេីងនៅសាលប្រជុំវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោតាកែវ ក្រោមអធិបតីភាព​ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស.  លោក​ ស៊ុត​ ខុន​ អភិបាលរងខេត្តតាកែវ​ តំណាងឯកឧត្តម​ វ៉ី​ សំណាង​ អភិបាល នៃគណៈអភិបាលខេត្ត​តាកែវ ។ 
នៅក្នុងវេទិការនេះដែរ​ តំណាងអង្គការ សមាគម សហគមន៍ និងសហជីព ជាង២០០​នៅខេត្តតាកែវ បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្ររាជរដ្ឋាភិបាល ក្នុងកិច្ចខិតខំថែរក្សាសន្តិភាព ស្ថិរភាព ការពារបូរណភាពទឹកដី និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. បានលើកឡើងពីសារៈសំខាន់នៃអង្គការសង្គមស៊ីវិលថា ជាដៃគូដ៏សំខាន់របស់រដ្ឋាភិបាលនិងបានជំរុញឱ្យអង្គការទាំងអស់បន្តគោរពច្បាប់ ដើម្បីបង្កើនតម្លាភាព និងទំនុកចិត្តពីសាធារណជន។ ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យមានការពង្រឹងស្មារតីស្នេហាជាតិ ជាពិសេសក្នុងពេលដែលប្រទេសកំពុងប្រឈមនឹងបញ្ហាព្រំដែន និងវិបត្តិនយោបាយសកល។
 នៅក្នុងឱកាសនោះលោក ស៊ុត ខុន អភិបាលរងខេត្តតាកែវ បានលើកឡើងថា អាជ្ញាធរខេត្តតាកែវ តែងតែមានការសហការល្អជាមួយអង្គការសង្គមស៊ីវិលសហជីពសមាគម ហើយនៅក្នុងព្រឹត្តិការណ៍ជម្លោះព្រំដែនរយៈពេល 5 ថ្ងៃជាមួយប្រទេសថៃ ទាំងបងប្អូនប្រជាពលរដ្ឋ និងតំណាងអង្គការសង្គមស៊ីវិលសមាគមនៅទូទាំងខេត្តតាកែវ បានធ្វើសកម្មភាពយ៉ាងខ្លាំងក្លាតាមរយៈការផ្ដល់ជំនួយឧបត្ថម្ភផ្សេងៗយកមកផ្ដល់ជូនរដ្ឋបាលខេត្ត ដើម្បីបន្តផ្ដល់ជូនជនភៀសសឹក និងបងប្អូនវីរកងទ័ពអាចក្លាហាននៅសមរភូមិមុខ​ ដែលសកម្មភាពទាំងនេះ​ បង្ហាញឱ្យឃេីញពីទឹកចិត្តដ៏ធំធេងរបស់បងប្អូនប្រជាពលរដ្ឋខេត្តតាកែវ​ ដែលមានចំពោះជាតិមាតុភូមិ​ ។ 
នៅក្នុងឱកាសនោះតំណាងអង្គការសង្គមស៊ីវិលខេត្តតាកែវ បានបង្ហាញការគាំទ្រពេញទំហឹងចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ក្រុមបង្ការសង្គមស៊ីវិលខេត្តតាកែវ ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យជួយអន្តរាគមន៍ដើម្បីដោះលែងទាហានកម្ពុជា ១៨ នាក់ដែលត្រូវបានទាហានថៃចាប់ខ្លួនកាលពីពេលថ្មីៗនេះ ៕
ប្រភព៖ រដ្ឋបាលខេត្តតាកែវ