ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង អញ្ជើញចូលរួមក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ផៃ ប៊ុន ឈឿន រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចូលរួមក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល នៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ។
ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត បានថ្លែងកោតសរសើរដល់ មេឃុំ ចៅសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល អធិការក្រុង-ស្រុក និងរដ្ឋបាលក្រុង-ស្រុកទាំងអស់នៅទូទាំងខេត្តស្ទឹងត្រែង ដែលបានយកចិត្តទុកដាក់មើលថែអតីតយុទ្ធជននៅក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើរ។
បន្ថែមពីលើនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ក៏បានជំរុញលើកទឹកចិត្តដល់អាជ្ញាធរនិងបណ្ដាលមន្ទីរអង្គភាពពាក់ព័ន្ធត្រូវបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយដោះស្រាយ ចំពោះជីវភាព សុខភាព និងបញ្ហាប្រឈមនានារបស់អតីតយុទ្ធជនឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀតផងដែរ។
ឯកឧត្ដមអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តស្ទឹងត្រែង បានធ្វើការប្តេជ្ញាគោរព និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន នូវលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជាពិសេសគោលការណ៍ និងសេចក្តី សម្រេចចិត្តរបស់មហាសន្និបាតវិសាមញ្ញ តំណាងសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា ទូទាំងប្រទេស៕
.jpg)
.jpg)
.jpg)
.jpg)