ឯកឧត្ដម ឃួង ស្រេង ជំរុញឱ្យអភិបាល អភិបាលរងខណ្ឌដែលទើបតែងតាំងថ្មី ត្រូវយកចិត្តទុកដាក់បំពេញការងារឱ្យកាន់តែប្រសើរ ដោយត្រូវពង្រឹងសមត្ថភាពឱ្យកាន់តែខ្លាំងក្នុងការបម្រើពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអភិបាល និងអភិបាលរង នៃគណៈអភិបាលខណ្ឌ នៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌនានា នៃរាជធានីភ្នំពេញ ដែលត្រូវបានប្រកាសឱ្យចូលកាន់មុខតំណែង នាពេលនេះត្រូវបន្តការងារបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត ទាំងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាននិងការផ្តល់សេវាឱ្យកាន់តែកៀកកិតជូនពលរដ្ឋជាដើម។
ឯកឧត្តម ឃួង ស្រេង ថ្លែងជំរុញបែបនេះក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល និងអភិបាលរង នៃគណៈអភិបាលខណ្ឌដែលបានធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ក្នុងរយៈពេល១៧ឆ្នាំកន្លងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការស្ដារ អភិវឌ្ឍន៍រាជធានីភ្នំពេញឱ្យមានការរីកចម្រើនលើគ្រប់វិស័យ និងទទួលបាននូវភាពជោគជ័យជាច្រើន។ឯកឧត្តមបានបន្តថា សម្រាប់ការប្រកាសចូលកាន់តំណែង និងផ្ទេរភាពកិច្ចនៅថ្ងៃនេះ គឺជារឿងធម្មតាសម្រាប់មន្ត្រីរាជការ ស៊ីវិលដែលតែងតែត្រូវបានផ្លាស់ប្ដូរមុខតំណែង។ ជាក់ស្ដែងនៅពេលនេះ យើងបានប្រកាសតែងតាំងផ្ទេរភារកិច្ចអភិបាលខណ្ឌចំនួន២រូប អភិបាលរងខណ្ឌជាច្រើនរូបទៀត។
ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង បានជំរុញឱ្យអភិបាលខណ្ឌ អភិបាលរងខណ្ឌដែលត្រូវបានតែងតាំងផ្ទេរភារកិច្ចថ្មីនេះត្រូវយកចិត្តទុកដាក់បំពេញការងារឱ្យកាន់តែល្អប្រសើរ ដោយត្រូវពង្រឹងសមត្ថភាពឱ្យកាន់តែខ្លាំងក្លា ក្នុងការបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងនាមជាអភិបាលខណ្ឌ អភិបាលរងខណ្ឌត្រូវដុះខាត់ ត្រូវក្រើនរំលឹក កែលម្អចំណុចខ្វះខាត មកបំពេញបន្ថែមឱ្យបានល្អប្រសើរ ហើយការកែលម្អចំណុចខ្វះខាតនោះ មិនត្រូវកើតមានឡើងនូវចំណុចខ្វះខាត ដដែលទៀតនោះទេ។
ឯកឧត្តមបានបន្តទៀតថា អភិបាលនិងអភិបាលរងខណ្ឌទាំងអស់ត្រូវរក្សាឱ្យបានល្អប្រសើរនូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋាន ការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។ចំណែកការរក្សាអនាម័យ បរិស្ថាន ក្នុងនាមអាជ្ញាធរត្រូវតែយកចិត្តទុកដាក់ ដោយដាក់មន្ត្រីក្រោមឱវាទ ឱ្យតាមដានការអនុវត្ត ការដឹកជញ្ជូន ការប្រមូលសំរាមឱ្យអស់ពីមូលដ្ឋានរបស់ខ្លួន ពិសេស កុំឱ្យមានសំរាមនៅតាមប្រឡាយនិងតាមប្រព័ន្ធលូបង្ហូរទឹក។
ឯកឧត្ដម ឃួង ស្រេង បានបន្តថា ក្នុងនាមជាគណបញ្ជាការឯកភាពខណ្ឌ គណៈបញ្ជាការឯកភាពសង្កាត់ត្រូវការពារសន្តិសុខជូនប្រជាពលរដ្ឋឱ្យបានល្អ១០០ភាគរយ ដើម្បីជាទំនុកចិត្តសម្រាប់របស់ប្រជាពលរដ្ឋ ហើយក៏ជាការគៀងគរភ្ញៀវជាតិអន្តរជាតិឱ្យមកដើរលេងកំសាន្តនៅរាជធានីភ្នំពេញកាន់តែច្រើនផងដែរ។ ក្នុងឱកាសនោះដែរ ឯកឧត្តមឃួង ស្រេងក៏បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំងអស់លប់បំបាត់ឱ្យបាននូវការជក់បារីអេឡិចត្រូនិច នៅក្នុងមូលដ្ឋាន ។
ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ
.jpg)
.jpg)
.jpg)
.jpg)