ថ្ងៃសុក្រ ២២-វិច្ឆិការ-២០២៤ ១២:១០:៤៣ ព្រឹក

អគ្គិភ័យបានឆាបឆេះផ្ទះ ១កន្លែង បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់

អគ្គិភ័យបានឆាបឆេះផ្ទះ ១កន្លែង បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១និង២០នាទីរសៀល​ ថ្ងៃទី១៤​ ខែសីហា ឆ្នាំ២០២៤ ដែលស្ថិតចំណុចផ្ទះលេខ៣អា​ ផ្លូវវត្តចាស់​ ភូមិ១​ សង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ។

ដោយមានការអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ 

ដោយទទួលបានបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។ 

ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១៤គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន០៩គ្រឿង ប្រើប្រាស់ទឹកអស់០៩ឡាន ស្មើរនឹង៣៦ម៉ែត្រគូប​,​ រថយន្តជំនួយមកពីទីក្រុងជ្រោយចង្វារ ចំនួន​០៤គ្រឿង​ ប្រេីប្រាស់ទឹកអស់០៤ឡាន​ ស្មេីរនឹង២៤ម៉ែត្រគូប​ និងរថយន្តរដ្ឋបាលខណ្ឌជ្រោយចង្វារ ចំនួន០១គ្រឿង​ ប្រេីប្រាស់ទឹកអស់០១ឡាន​ ស្មេីរនឹង០៤ម៉ែត្រគូប។ 

ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺ​ថ្មក្រោមឈេីលេី ទំហំ (៨ម៉ែត្រ x ២០ម៉ែត្រ) ឆេះផ្ទះចំនួន​ ០១ខ្នង​ រួមទាំងសម្ភារៈអស់ទាំងស្រុង​ នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ។ ចំពោះគ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើង ធ្វើការបាញ់ឲ្យរលត់ទៅវិញ នៅវេលាម៉ោង២និង២០នាទីរសៀលនាថ្ងៃដដែល។ 

ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ ដោយបញ្ជាក់ថា ករណីនេះគឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យ។ ដោយឡែក នៅក្នុងហេតុការណ៍នេះ មិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសក្នុងគ្រោះអគ្គិភ័យខាងលើនេះឡើយ៕