ថ្ងៃពុធ ០៤-ធ្នូ-២០២៤ ១២:៤៨:១៤ ព្រឹក

ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរាគ្មានទីពឹង ចំនួន ១.១៦៣គ្រួសារ ស្ថិតនៅឃុំវាលរេញ ស្រុកព្រៃនប់

ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរាគ្មានទីពឹង ចំនួន ១.១៦៣គ្រួសារ ស្ថិតនៅឃុំវាលរេញ ស្រុកព្រៃនប់

នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានស្តីទីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានអញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរាគ្មានទីពឹង ចំនួន ១.១៦៣គ្រួសារ ស្ថិតនៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។  
     
ឯកឧត្តម ម៉ាង ស៊ីណេត មានប្រសាសន៍ក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដែលបានចូលរួមចែកអំណោយសង្គ្រោះជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ទីទ័លក្រ មកពីឃុំទាំង១៥ ក្នុងស្រុកព្រៃនប់ ចំនួន ១.១៦៣គ្រួសារ និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសាខា អនុសាខាស្រុកព្រៃនប់ អ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហម ដែលបានលះបង់កម្លាំងកាយចិត្ត ថវិកា សម្ភារៈជួយសម្រួលការលំបាកខ្វះខាតរបស់ពុកម៉ែ ពូមីង ហើយអំណោយទាំងអស់នេះមិនអាចជួយដោះស្រាយបានមួយជីវិតនោះទេ វាអាចជួយដោះស្រាយជីវភាពមួយរយៈពេលខ្លី ព្រមទាំងសូមថ្លែងអំណរគុណ និងអរគុណបងប្អូនសប្បុរសជនដែលបានបរិច្ចាគថវិកា និងសម្ភារៈចូលរួមជាមួយកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដើម្បីនាំយកអំណោយមកចែកជូនបងប្អូននាពេលនេះ។
   
ក្នុងឱកាសនោះ ឯកឧត្តមប្រធានស្តីទី បានពាំនាំការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចបានធ្វើការណែនាំឱ្យនាំយកអំណោយមនុស្សធម៌ចែកជូនបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ ស្ត្រីមានកូនច្រើន ចាស់ជរា ក្មេងកំព្រានៅក្នុងស្រុកព្រៃនប់។ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយបញ្ចកោណដំណាក់កាលទី១ ដោយផ្តោតលើអាតិភាព៥ មានដូចជា មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ចំពោះធនធានមនុស្ស សំដៅការបណ្តុះបណ្តាលធនធានមនុស្ស ពិសេសយុវជនដែលជាទំពាំងស្នងឬស្សី ទាមទារឱ្យមានចំណេះ ជំនាញ និងបទពិសោធន៍មានលទ្ធភាពបង្កើតអាជីវកម្ម ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិមានការរីកចម្រើន ដូច្នេះយើងត្រូវពង្រឹងសមត្ថភាពចំណេះជំនាញ។ ពិសេសការកែទម្រង់វិស័យអប់រំនៅកម្ពុជា រាជរដ្ឋាភិបាលបានជំរុញសាលារៀនឱ្យគៀកនិងប្រជាពលរដ្ឋនៅមូលដ្ឋាន។ ប្រទេសជាតិខ្លាំង ទាមទារឱ្យយុវជនរបស់យើងមានចំណេះដឹង ចំណេះធ្វើ ជំនាញបច្ចេកទេសច្បាស់លាស់។
   
ឯកឧត្តម បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលបានកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅទូទាំងប្រទេស ពិសេសហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងព្រះសីហនុ ទន្ទឹមនេះហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង យើងក៏បានសាងសង់ផ្លូវបេតុងនៅតាមភូមិឃុំ សង្កាត់នៅទូទាំងខេត្តខ្វាត់ខ្វែងធ្វើឱ្យការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានកាន់តែល្អប្រសើរនាពេលបច្ចុប្បន្ននេះ ចំពោះបញ្ហាទឹកស្អាត បានបន្តបណ្តាញជូនប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់ ភ្លើង យើងបានតបណ្ដាញអគ្គិសនីជូនប្រជាពលរដ្ឋនៅតាមភូមិ ឃុំ សង្កាត់។ បញ្ហាបច្ចេកវិទ្យា រាជរដ្ឋាភិបាលបាននឹងកំពុងបន្តយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលជំនាញជូនដល់យុវជននៅទូទាំងប្រទេស ពិសេសខេត្តព្រះសីហនុ ជាខេត្តមួយដែលរាជរដ្ឋាភិបាលកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលមានរោងចក្រ សហគ្រាសជាច្រើនបានបោះទីតាំងនៅក្នុងខេត្តព្រះសីហនុ ដែលស្រូបយកថវិកាជិត ៣០០លានដុល្លាអាមេរិក ចូលមកសហគមន៍មូលដ្ឋានក្នុងខេត្តព្រះសីហនុ និងបណ្តាខេត្តផ្សេងទៀត។
  
ក្នុងឱកាសនោះ ឯកឧត្តម ប្រធានស្ដីទីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានធ្វើការអំពាវនាវបងប្អូនប្រជាពលរដ្ឋចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាសុខសន្តិភាពជាមួយរាជរដ្ឋាភិបាល ក្នុងការកសាង អភិវឌ្ឍន៍ប្រទេសជាតិមានការរីកចម្រើនបន្ថែមទៀត។
   
ឯកឧត្តម ប្រធានស្ដីទីសាខាកាកបាទក្រហមកម្ពុជា ខេត្ត បាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ និងទីទ័លក្រនៅស្រុកព្រៃនប់នាពេលនេះ មានចំនួន ១.១៦៣គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ ឃីត១ (សារុង១ ក្រមា១ មុង១ភួយ១) កន្ទេល១ ទឹកសុទ្ធ១កេស និងថវិកា ៥ម៉ឺនរៀល៕