ថ្ងៃសៅរិ៍ ២១-មិថុនា-២០២៥ ១១:៣៤:១៧ ល្ងាច

សម្តេច ម៉ែន សំអន អញ្ជឹញដឹកនាំប្រតិភូរណសិរ្ស គោរពវិញ្ញាណក្ខន្ធ ឯកឧត្តម​កិត្តិនីតិកោសលបណ្ឌិត​ ម៉ុម​ ជឹមហ៊ុយ​

សម្តេច ម៉ែន សំអន អញ្ជឹញដឹកនាំប្រតិភូរណសិរ្ស គោរពវិញ្ញាណក្ខន្ធ ឯកឧត្តម​កិត្តិនីតិកោសលបណ្ឌិត​ ម៉ុម​ ជឹមហ៊ុយ​

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជឹញដឹកនាំប្រតិភូរណសិរ្ស គោរពវិញ្ញាណក្ខន្ធ ឯកឧត្តម​កិត្តិនីតិកោសលបណ្ឌិត​ ម៉ុម​ ជឹមហ៊ុយ​ ស្ថិតក្នុង សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ។ 
ឯកឧត្តម​កិត្តិនីតិកោសលបណ្ឌិត​ ម៉ុម​ ជឹមហ៊ុយ​ សមាជិកគណៈកម្មាធិការកណ្តាល និងជាអតីតប្រធានគណៈកម្មការទី៧ នៃព្រឹទ្ធសភា នីតិកាលទី៤ បានទទួលមរណកាលនៅថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង២:៥០នាទី ទៀបភ្លឺ ក្នុងជន្មាយុ ៨៩ឆ្នាំ ដោយជរាពាធ។  
ស្ថិតក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនោះ សម្តេចកិត្តិសង្គហបណ្ឌិត  និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រី បុគ្គលិក នៃក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា សូមសម្តែងនូវការសោកស្តាយដោយក្តីអាឡោះអាល័យជាមួយ លោកជំទាវ សាប៊ី ពិន្ថា ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក ជីតា និងជីតាទួត ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្ម វិហារធម៌ និងសង្គហធម៌ ដ៏ល្អប្រពៃចំពោះភរិយា កូន និងចៅៗ ហើយក៏ជាការបាត់បង់នូវឥស្សរជនដ៏ល្អឆ្នើមមួយរូបដែល ពោរពេញទៅដោយឆន្ទៈមនសិការក្នុងការបម្រើបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ហើយក៏ដូចជាការបាត់បង់ នូវពុទ្ធសាសនិកដ៏ល្អឆ្នើមមួយរូប ដែលមានសទ្ធាជ្រះថ្លាក្នុងការរួមចំណែកកសាងលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជា។ 
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ឋន្ធរបស់ឯកឧត្តម​កិត្តិនីតិកោសលបណ្ឌិត​ ម៉ុម​ ជឹមហ៊ុយ​ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕