ថ្ងៃសៅរិ៍ ២១-មិថុនា-២០២៥ ០៩:៤៩:០២ ល្ងាច

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ៖ ការងារការពារសន្តិសុខ ថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព ជូនថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋ គឺជាកាតព្វកិច្ចរបស់កងកម្លាំងសមត្ថកិច្ច

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ៖ ការងារការពារសន្តិសុខ ថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព ជូនថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋ គឺជាកាតព្វកិច្ចរបស់កងកម្លាំងសមត្ថកិច្ច

រាជធានីភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងថា ការងារការពារសន្តិសុខ ថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព ជូនថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋ គឺជាកាតព្វកិច្ចរបស់កងកម្លាំងសមត្ថកិច្ច ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ មានប្រសាសន៍បែបនេះនាឱកាស អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងឱកាសប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការតំបន់ផ្លូវថ្មើរជើងចតុមុខ(walk street)ដែលរៀបចំនារសៀលថ្ងៃ២១ ខែមិថុនា ឆ្នាំ២០២៥ នៅមាត់ទន្លេ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បានមានប្រសាសន៍ណែនាំបន្ថែមទៀតដល់ លោក-លោកស្រីស្នងការរង លោក-លោកស្រី នាយការិយាល័យជំនាញ និងលោកអធិការនគរបាលទាំង២៤ខណ្ឌ ដែលជាមេបញ្ជាការដឹកនាំកម្លាំង ត្រូវអនុវត្តភារកិច្ចដែលថ្នាក់លើប្រគល់ជូនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ លើការងារការពារសន្តិសុខ ថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព ជូនថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋដែលអញ្ជើញចូលរួមកម្មពិធីនេះឱ្យទទួលបានសុខសុវត្ថិភាពគ្រប់គ្រាន់។ ជាពិសេសប្រើប្រាស់កម្លាំងគ្រប់រូបភាព ល្បាត ការពារគោលដៅ ត្រួតពិនិត្យ និងសម្រួលចរាចរណ៍កុំឱ្យមានការកកស្ទះ និងច្បាមមុខសញ្ញាដែលសង្ស័យ ដូចជា លួចឆក់ រឺមុខសញ្ញាបង្កផ្សេងត្រូវទប់ស្កាត់ឱ្យទាន់ពេលវេលា។ ជាមួយគ្នានោះត្រូវគ្រប់គ្រងមធ្យោបាយយានយន្តគ្រប់ប្រភេទឱ្យមានកន្លែងចតត្រឹមត្រូវ រួមទាំងហាមឃាត់រាល់ទូកកាណូតគ្រប់ប្រភេទមិនឱ្យធ្វើដំណើរតាមផ្លូវទឹកមកក្បែរកន្លែងប្រារព្ធពិធីនោះឡើយ ពោលធ្វើយ៉ាងណាប្រើប្រាស់គ្រប់ជំនាញ និងមធ្យោបាយទាំងអស់ដើម្បីធានាឱ្យបាននូវបរិយាកាសល្អក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការតំបន់ផ្លូវថ្មើរជើងចតុមុខ(walk street)ផ្តល់ការជឿទុកចិត្តលើការងារការពារ សន្តិសុខ សណ្តាប់ធ្នាប់របស់កងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ពីសំណាក់មហាជនចូលរួមឱ្យទទួលបានភាពកក់ក្តៅ មានរបៀបរៀបរយល្អ សប្បាយរីករាយ និងមានការគាំទ្រពីមហាជនទូទៅកាន់តែច្រើនដើម្បីផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិមកលេងកម្សាន្តតំបន់ផ្លូវថ្មើរជើងចតុមុខ(walk street)ឱ្យកាន់តែមានភាពអធិកអធមទ្វេឡើង៕
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ