ថ្ងៃសៅរិ៍ ២១-មិថុនា-២០២៥ ១០:៣០:៥៣ ល្ងាច

ឯកឧត្ដម​ ឃួង ស្រេង និងលោកជំទាវ​ ដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរចុះពិនិត្យទីតាំងប្រារព្ធពិធី​ និងដើរពិនិត្យផ្លូវថ្មើរជើងចតុមុខដែរនឹងបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាល្ងាចនេះ

ឯកឧត្ដម​ ឃួង ស្រេង និងលោកជំទាវ​ ដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរចុះពិនិត្យទីតាំងប្រារព្ធពិធី​ និងដើរពិនិត្យផ្លូវថ្មើរជើងចតុមុខដែរនឹងបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាល្ងាចនេះ

ភ្នំពេញ៖​ ផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street)​ នឹងបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥នេះហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
  ដើម្បីឱ្យពិធីបើកសម្ពោធខាងលើ រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ​ និងបរិស្ថានល្អប្រសើរ ឯកឧត្ដម​ ឃួង ស្រេង អភិបាល​ នៃគណៈ​អភិបាល​រាជធានីភ្នំពេញ និងលោកជំទាវ​ ជា​ សុីណា​ ឃួង​ ស្រេង​ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥នេះ​ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរចុះពិនិត្យទីតាំងប្រារព្ធពិធី​ និងដើរពិនិត្យផ្លូវថ្មើរជើងចតុមុខនេះ ដោយចាប់ផ្តើមដើរថ្មើជើងចេញពីផ្សាររាត្រី រហូតដល់មុខព្រះបរមរាជវាំង។
   ក្នុងការចុះពិនិត្យនេះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញក៏ដូចជាអាជ្ញាធរខណ្ឌដូនពេញ បន្តចុះធ្វើកិច្ចការងារចុងក្រោយ ដើម្បីធានាថា រួចរាល់ និងប្រកបដោយសោភណ្ឌភាពសណ្តាប់ធ្នាប់របៀបរៀបរយ និងបរិស្ថានល្អប្រសើរ។
ដើម្បីអបអរសាទរព្រឹត្តិការណ៍សម្ពោធជាផ្លូវការនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំឱ្យមានការប្រគំតន្ត្រីរបស់ក្រុមហ៊ុនgalaxy ដែលមានតារាចម្រៀងល្បីៗដូចជា៖ លោក ខេមរៈ សេរីមន្ត លោក ខេម លោក ខាន់ ជេមស៍ អ្នកនាង ខាត់ សួស្តី និងតារាល្បីៗជាច្រើនទៀត។
គួររំលឹកថា៖ នាកិច្ចប្រជុំកន្លងមកថ្មីៗនេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីបានរំលឹកហើយរំលឹកទៀតថា៖ សំរាប់ពិធីសម្ពោធជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខ នេះបញ្ហាសន្តិសុខ សុវត្ថិភាព ត្រូវតែធានាហើយរក្សាបានថាកម្មវិធីនេះប្រព្រឹត្តិទៅប្រកបដោយជោគជ័យ។
  សូមបញ្ជាក់ថា៖ផ្លូវថ្មើរជើងនេះនឹងត្រូវបិទចរាចរការធ្វើដំណើរឆ្លងកាត់ដោយរថយន្ត និងម៉ូតូតាំងពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២១ ខែមិថុនា។ តែសម្រាប់បងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរទៅផ្លូវថ្មើរជើងនេះអាចបន្តធ្វើដំណើរ ដើរលេងកំសាន្តដូចជារៀងរាល់សប្ដាហ៌គ្រាន់តែមានកន្លែងត្រួតពិនិត្យប៉ុណ្ណោះ៕
ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ