ថ្ងៃសៅរិ៍ ២២-វិច្ឆិការ-២០២៥ ០៣:០១:១៨ ល្ងាច

អភិបាលខេត្តពោធិ៍សាត់ បន្តទទួលថវិកាពីសប្បុរសជនក្រៅប្រទេស ដើម្បីចូលរួមចំណែកសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្ត

អភិបាលខេត្តពោធិ៍សាត់ បន្តទទួលថវិកាពីសប្បុរសជនក្រៅប្រទេស ដើម្បីចូលរួមចំណែកសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្ត

ខេត្តពោធិ៍សាត់៖ នាថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានបន្តទទួលថវិកាមួយចំនួនពីអនិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក ដែលមានដើមកំណើតចេញពីខេត្តពោធិ៍សាត់ ដើម្បីចូលរួមចំណែកសាងសង់ អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ បាននឹងកំពុងដំណើរការស្ថាបនាយ៉ាងមមាញឹក បានប្រមាណ ២០%ហើយ។

ឯកឧត្តម ខូយ រីដា បានថ្លែងអំណរគុណ ដល់សប្បុរសជនក្នុងស្រុក រួមទាំងសប្បុរសជនខ្មែរ រស់នៅសហរដ្ឋអាមេរិកទាំងអស់ បានចូលរួមជាកម្លាំងសាមគ្គី បរិច្ចាគថវិកាដែលកើតចេញពីកម្លាំងញើសឈាម ទោះតិចក្តី ច្រើនក្តី ដើម្បីឧបត្ថម្ភគាំទ្រ និងបានប្រគល់ជូននាពេលនេះ គឺជាការចូលរួមចំណែកដ៏ធំធេង ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ឱ្យមានភាពងាយស្រួល ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយការធ្វើដំណើរ និងចំណាយផ្សេងៗ។

ជាការពិតណាស់ថា ការចូលរួមបរិច្ចាគធនធនរបស់អស់ លោក លោកស្រី គឺជាគម្រូដ៏ល្អមួយ និងមានតម្លៃក្នុងសង្គម សម្រាប់ការអភិវឌ្ឍន៍ខេត្ត ក៏ដូចជាវិស័យសុខាភិបាលក្នុងខេត្តរបស់យើងឱ្យកាត់តែមានលក្ខណៈទំនើប និងស្រស់បំព្រងឈានឡើង។ ឯកឧត្តម ក៏បានសង្ឃឹមថា សប្បុរសជនដ៏ទៃទៀត នឹងបន្តចូលរួម ដើម្បីឱ្យសមិទ្ធផលខាងលើនេះ អាចចេញជារូបរាងឡើង សម្រាប់ជាឧត្តមប្រយោជន៍ ដល់បងប្អូនប្រជាពលរដ្ឋ បានមកទទួលសេវា។

ក្នុងថ្ងៃដដែលនោះ ឯកឧត្តម ខូយ រីដា ក៏បានទទួលអំណោយជាទឹកបរិសុទ្ធ ចំនួន ៣០០កេស របស់មូលនិធិសង្គ្រោះកុមារ នៅប្រទេសអូស្ត្រាលី តាមរយៈព្រះចៅអធិការ វត្តមណីរតនារាម សម្រាប់ផ្តល់ជូនដល់រដ្ឋបាលខេត្តពោធិ៍សាត់ ទុកជួយដល់កងកម្លាំងយោធាជួរមុខ និងជនភៀសសឹកផងដែរ។

គួរជម្រាបជូនថា អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ មានបណ្តោយ៥៤ ម៉ែត្រxទទឹង២២ម៉ែត្រ កម្ពស់៥ជាន់ (គ្រោងតម្លើងដល់៨ជាន់) ត្រូវបានបើកការដ្ឋានសាងសង់ កាលពីល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ៕

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់