ឯកឧត្តម គួច ចំរើន ណែនាំដល់អភិបាលក្រុង-ស្រុកទាំង១៣ ត្រូវក្ដាប់ឱ្យបាន និងតាមដានឱ្យជាប់នៅភូមិចំនួន ៥០ភូមិ ទូទាំងខេត្តកណ្ដាលដែលមិនទាន់មានទឹកស្អាតប្រើប្រាស់ ត្រូវជំរុញឱ្យបានលឿន ដើម្បីធានាថាប្រជាពលរដ្ឋទាំង ៥០ភូមិនេះមានទឹកស្អាតប្រើប្រាស់នៅឆ្នាំ២០២៤ ឬយ៉ាងយូរបំផុត
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់អភិបាលក្រុង-ស្រុកទាំង១៣ ត្រូវក្ដាប់ឱ្យបាន និងតាមដានឱ្យជាប់នៅភូមិចំនួន ៥០ភូមិ ទូទាំងខេត្តកណ្ដាលដែលមិនទាន់មានទឹកស្អាតប្រើប្រាស់ ត្រូវជំរុញឱ្យបានលឿន ដើម្បីធានាថាប្រជាពលរដ្ឋទាំង ៥០ភូមិនេះមានទឹកស្អាតប្រើប្រាស់នៅឆ្នាំ២០២៤ ឬយ៉ាងយូរបំផុតត្រឹមឆ្នាំ២០២៥ខាងមុខ ត្រូវមានបណ្ដាញទឹកស្អាត ទៅដល់ភូមិទាំង៥០ នេះ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើការណែនាំដល់ អភិបាលក្រុង-ស្រុកទាំង១៣ នៅក្នុងកិច្ចប្រជុំពិនិត្យ ដោះស្រាយការផ្គត់ផ្គង់ទឹកស្អាត ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីអភិបាល អភិបាលរងក្រុង-ស្រុកទាំង១៣ មន្ទីរអង្គភាពពាក់ព័ន្ធ និងម្ចាស់ក្រុមហ៊ុនដែលជាសេវាករផ្គត់ផ្គង់ទឹកស្អាតទាំងអស់ទូទាំងខេត្តកណ្ដាល នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកណ្ដាល។
ឯកឧត្តមអភិបាលខេត្តបន្តថា៖ រាជរដ្ឋាភិបាលនីតិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ ពោរពេញដោយថាមពល និងចក្ខុវិស័យដ៏ត្រឹមត្រូវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មានការប្ដេជ្ញាចិត្តទាក់ទងជាមួយការផ្ដល់សេវាផ្គត់ផ្គង់ទឹកស្អាតនេះ ដោយបានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទីមួយ គឺ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា។
ឯកឧត្តមបន្ថែមថា៖ ទឹកមាន២ប្រភេទ គឺទឹកស្អាត និងទឹកស្រោចស្រប់ ទឹកស្អាតជាតំរូវការចាំបាច់ដែលយើងត្រូវតែខិតខំក្នុងការផ្គត់ផ្គង់អោយបានគ្រប់គ្រាន់ និងត្រូវខិតខំដោះស្រារឿងនេះអោយលឿន និងឆាប់ ដើម្បីឱ្យប្រជាពលរដ្ឋបានប្រើប្រាស់ទឹកស្អាតនេះ ដោយមិនត្រូវអូសបន្លាយទៀតបានទេ ហើយនេះគឺជាការរួមចំណែកបំពេញនូវសេចក្ដីត្រូវការ និងការរួមចំណែកលើកកម្ពស់សុខុមារភាពសាធារណៈ នៅពេលប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់ដោយកាត់បន្ថយហានិភ័យ និងគ្រោះថ្នាក់ដែលបង្កឡើងដោយការប្រើប្រាស់ទឹកមិនស្អាត។ ហើយពាក់ព័ន្ធកិច្ចការនេះក្រុមហ៊ុនដែលជាសេវាករផ្គត់ផ្គង់ទឹកស្អាត ត្រូវតែមានការទទួលខុសត្រូវ ហើយត្រូវធ្វើឱ្យបានក្នុងដែនអាជ្ញាប័ណ្ណរបស់ខ្លួន ហើយអ្នកដែលមិនមានការទទួលខុសត្រូវ សូមស្នើសុំលុបអាជ្ញាប័ណ្ណចេញ ហើយអ្នកដែលមិនអាចធ្វើទៅបាន ក៏ត្រូវស្នើសុំដកអាជ្ញាប័ណ្ណមកវិញ ដើម្បីរកដៃគូសេវាករណាដែលមានសមត្ថភាព មានទុន ក្នុងការវិនិយោគទៅលើការផ្គត់ផ្គង់សេវាទឹកស្អាតនេះ។
ឯកឧត្តមបន្ថែមទៀតថា៖ កន្លងមកអ្នកដែលបានផ្គត់ផ្គង់ទឹកស្អាតហើយ ហើយទឹកដែលប្រើប្រាស់នោះមិនស្អាត បន្ទាប់ពីកិច្ចប្រជុំនេះទៅសូមឱ្យមានការទទួលខុសត្រូវ អ្នកដែលបន្តខ្វះខាតក្នុងការទទួលខុសត្រូវលើការផ្គត់ផ្គង់ទឹកស្អាតនេះ នឹងត្រូវទទួលរងការពិន័យទៅតាមច្បាប់។ ជាមួយគ្នានេះដែរឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតទាំងអស់ សូមមានការប្រកួតប្រជែងលើគុណភាពទឹកស្អាតជាមួយនឹងរដ្ឋាករទឹក ដើម្បីធានាថាទឹកស្អាតរបស់យើងប្រើប្រាស់ទៅមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ យើងមិនត្រូវបណ្ដោយឱ្យបញ្ហាទឹកស្អាតនេះគំរាមកំហែងដល់សុខភាពរបស់អ្នកប្រើប្រាស់ជារៀងរហូតនោះទេ គឺត្រូវតែមានការកំណត់ច្បាស់លាស់ និងការទទួលខុសត្រូវពីម្ចាស់សេវាករ។