ថ្ងៃសុក្រ ២២-វិច្ឆិការ-២០២៤ ១២:២៧:០៧ ព្រឹក

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន០១ខ្នង ក្នុងខណ្ឌពោធិ៍សែនជ័យ, មូលហេតុបណ្តាលមកពីការឆ្លង​ចរន្តអគ្គីសនី

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន០១ខ្នង ក្នុងខណ្ឌពោធិ៍សែនជ័យ, មូលហេតុបណ្តាលមកពីការឆ្លង​ចរន្តអគ្គីសនី

(ភ្នំពេញ)៖ អគ្គិភ័យបានឆាបឆេះផ្ទះ មួយកន្លែង​ យ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យឆេះខូចខាតអស់បន្ទប់ទំហំ ៤ម៉ែត្រ x ៣ម៉ែត្រ ចំនួន ០១បន្ទប់ រួមទាំងសម្ភារៈមួយចំនួន និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់នៅវេលាម៉ោង ៦និង២០នាទីយប់ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ ដែលស្ថិតនៅចំណុចផ្ទះលេខ៤B ផ្លូវបេតុង ក្រុម២ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយ​ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ 

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយ​ការិយាល័យបានបន្តថា ដោយទទួលបានបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាល និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។ 

លោកវរសេនីយ៍ឯក ក៏បានបន្តទៀតថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៥គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់០៣ឡាន ស្មើរនឹង១២ម៉ែត្រគូប​ និងរថយន្តជំនួយមកពីស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើរនឹង០៦ម៉ែត្រគូប, រថយន្តរបស់ក្រុមហ៊ុន កាណាឌីយ៉ា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើរនឹង០៤ម៉ែត្រគូប។

ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺ​ ថ្មបេតុង ទំហំ (៤ម៉ែត្រ x ១៦ម៉ែត្រ) ឆេះខូចខាតបន្ទប់ទំហំ ៤ម៉ែត្រ x ៣ម៉ែត្រ ចំនួន ០១បន្ទប់ រួមទាំងសម្ភារៈមួយចំនួន ហើយពុំបណ្តាលឲ្យឆេះរាលដល់អ្នកក្បែរខាងឡើយ។ ចំពោះគ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើង ធ្វើការបាញ់ឲ្យរលត់ទៅវិញ នៅវេលាម៉ោង ៧និង១០នាទីយប់នាថ្ងៃដដែល។ 

ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ គឺបណ្តាលមកពីការអគ្គីសនីបង្ករជាអគ្គិភ័យ។ ដោយនៅក្នុងនោះ មិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡើយ៕