ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤នៅខេត្តរតនគិរី ប្រព្រឹត្តទៅដោយរលូនក្រោមកិច្ចការពារធានាបានសន្តិសុខ សណ្ដាប់ធ្នាប់ល្អនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ
ចាប់តាំងពីដំណើរការឃោសនាបោះឆ្នោត រហូតមកដល់ដំណើការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី.ខេត្ត ក្រុមប្រឹក្សាក្រុង.ស្រុក.ខណ្ឌអាណត្តិទី៤ ឆ្នាំ២០២៤នេះ ក្នុងខេត្តរតនគិរី បានដំណើរការប្រកបដោយបរិយាកាសល្អ ដែលគ្រប់គណបក្សនយោបាយទាំងអស់ដែលបានចូលរួមប្រកួតប្រជែង មានសិទ្ធិចូលរួមប្រកបដោយសេរី យុត្តិធម៌ និងស្មើភាព។
លោក ប៉ែន ឈុនឌី ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តរតនគិរី បានឱ្យដឹងថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ជាទូទៅបានដំណើរការល្អហើយក្រុមប្រឹក្សាឃុំ.សង្កាត់ ក្នុងដំណែងដែលជាអង្គបោះឆ្នោតបានទៅបោះឆ្នោតតាមមណ្ឌលរៀងៗខ្លួន។ គ្រប់ការិយាល័យទាំង ៩ទូទាំងខេត្តបានបើកទ្វារនៅម៉ោង ៧ព្រឹក ថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ២០២៤ ដោយបានដំណើរការបោះឆ្នោត ប្រព្រឹត្តទៅដោយរលូនក្រោមកិច្ចការពារធានាបានសន្តិសុខ សណ្ដាប់ធ្នាប់ល្អ។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តរតនគិរីបន្តថានៅក្នុងខេត្តរតនគិរី មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន ០២គណបក្ស រួមមាន៖ គណបក្សប្រជាជន កម្ពុជា និងគណបក្សឆន្ទៈខ្មែរ ។ មានការិយាល័យបោះឆ្នោតចំនួន ៩ ការិយាល័យ មានអង្គបោះឆ្នោតសរុបចំនួន ២៦០នាក់ ក្នុងនោះស្រី៦០នាក់ ជាក្រុមប្រឹក្សាឃុំសង្កាត់ក្នុងតំណែង។ ហើយគណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះមាន គណបក្សប្រជាជនកម្ពុជា ឈរឈ្មោះចំនួន១០មណ្ឌលរួមមាន៖ មណ្ឌលក្រុមប្រឹក្សាខេត្ត និងមណ្ឌលក្រុងស្រុកទាំង៩។ គណបក្សឆន្ទៈខ្មែរ ឈរឈ្មោះចំនួន៨មណ្ឌលគឺ មណ្ឌលក្រុមប្រឹក្សាខេត្ត និងមណ្ឌលក្រុមប្រឹក្សាក្រុងស្រុកចំនួន៧ រួមមាន៖ មណ្ឌលអណ្ដូងមាស បានលុង បរកែវ កូនមុំ លំផាត់ អូរយ៉ាដាវ និងមណ្ឌលវើនសៃ៕