ថ្ងៃព្រហស្បតិ៍ ២១-វិច្ឆិការ-២០២៤ ០៨:៣១:៣៤ ល្ងាច

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសម្ពោធសណ្ឋាគារ ក្រេន ឡាវ៉ូក ហូថែល និងកាស៊ីណូ មានទីតាំងនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ  អញ្ជើញសម្ពោធសណ្ឋាគារ ក្រេន ឡាវ៉ូក ហូថែល និងកាស៊ីណូ មានទីតាំងនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ

នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ  អញ្ជើញសម្ពោធសណ្ឋាគារ ក្រេន ឡាវ៉ូក ហូថែល និងកាស៊ីណូ មានទីតាំងនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុង ប្រធានមន្ទីរ-អង្គភាព និងភ្ញៀវជាតិ អន្តរជាតិ។

លោក កូជី យ៉ាម៉ាម៉ូតូ  (KOJI YAMAMOTO) នាយកប្រតិបត្តិក្រុមហ៊ុន ក្រេន ឡាវ៉ូក ហូថែល និងកាស៊ីណូ (GRAND LA  VOGUE HOTEL AND CASINO) បានធ្វើរបាយការណ៍ស្វាគមន៍ ពីគោលគំនិតរបស់ Grand La Vogue គឺ "បដិសណ្ឋារកិច្ចបែបទំនើប និងរមណីយដ្ឋានដ៏ប្រណិតក្នុងក្រុងព្រះសីហនុ ដែលមានការចាប់អារម្មណ៍បំផុត ចំពោះអ្នកវិនិយោគជនជាតិជប៉ុន។ បេសកកម្មរបស់យើង គឺដើម្បីបញ្ចូលគ្នានូវបដិសណ្ឋារកិច្ចបែបប្រពៃណីជប៉ុន ជាមួយនឹងរមណីយដ្ឋានទីក្រុងទំនើបផ្តល់ជូននូវបទពិសោធន៍យ៉ាងពិសេសដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ពីគ្រប់បណ្តាប្រទេស។  La Vogue បានបើកតាំងពីឆ្នាំ២០១៨ និង Grand La Vogue មានទស្សនតែមួយយើងខ្ញុំជា La Vogue Group មានគោលដៅបន្តការរីកចម្រើនរួមគ្នាមិនត្រឹមតែអតិថិជនរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបុគ្គលិក របស់យើង ក្រុមគ្រួសាររបស់ពួកគេ ភាគីពាក់ព័ន្ធទាំងអស់ និងសហគមន៍មូលដ្ឋានតាមរយៈការចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាព ភាពស្វាហាប់ នឹងមានឆន្ទៈ ក្នុងការប្រឈមមុខជាមួយបញ្ហាផ្សេងៗ ដើម្បីដើរតួនាទីក្នុងការបង្ហាញពិភពលោក នូវសក្តានុពលគ្មានដែនកំណត់ នៃខេត្តព្រះសីហនុ ដើម្បីវិនិយោគនៅក្នុងទីក្រុងដ៏ស្រស់ស្អាតមួយនេះ ស្ថិតនៅក្នុងបេះដូងរបស់អ្នកជារៀងរហូត។ លោកសង្ឃឹមយ៉ាងមុតមាំថា អាចរីករាយជាមួយសេវា កម្មរបស់ Grand La Vogue ដែលចាប់ផ្តើមនៅទីនេះ ថ្ងៃនេះ ជាមួយអ្នកទាំងអស់គ្នា។ 
    
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញកាត់ខ្សែបូបើកសម្ពោធសណ្ឋាគារ ក្រេនឡាវ៉ូក ហូថែល និងកាស៊ីណូ នៅខេត្តតំបន់ឆ្នេរដ៏ស្រស់បំព្រង នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រសិទ្ធនាមថា ជា «តារារៈនាទិស និរតី» នាឱកាសដ៏វិសេសវិសាលនេះ ស្របពេលដែលប្រជាជនកម្ពុជាទាំងក្នុងប្រទេស និងក្រៅប្រទេសកំពុងប្រកាសគាំទ្រយ៉ាងពេញទំហឹងលើគម្រោងព្រែកជីកហ្វូណនតេជោដែលជាគម្រោងប្រវត្តិសាស្រ្តដំបូងក្នុងវិស័យដឹកជញ្ជូនផ្លូវទឹកកម្ពុជាជាពិសេស គឺជា«ការពង្រឹងឯករាជ្យនយោបាយដឹកជញ្ជូនកម្ពុជា»។ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាង ច្រើនសម្រាប់ជាមូលដ្ឋានគ្រឹះកសាងសេដ្ឋកិច្ចជាតិឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
    
ឯកឧត្តម អភិបាលខេត្ត សូមចូលរួមអបអរសាទរពិធីសម្ពោធសណ្ឋាគារ និងកាស៊ីណូនាពេលនេះ ដែលជាសក្ខីភាពបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគទុនមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយថាមពលស្វាហាប់ ឈ្លាសវៃ ម៉ត់ចត់ និងប៉ិនប្រសប់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី  នៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសូមជូនពរឱ្យសណ្ឋាគារ និងកាស៊ីណូ ទទួលបានជោគជ័យក្នុងមុខជំនួញរបស់ខ្លួន និងមានការគាំទ្រកាន់តែច្រើនឡើងពីភ្ញៀវជាតិ-អន្តរជាតិ។ ពិធីបើកសម្ពោធសណ្ឋាគារ និងកាស៊ីណូ នាពេលនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចនៅក្នុងខេត្ត ឱ្យកាន់តែមានភាពទាក់ទាញ និងរីកចម្រើនទៅមុខជាលំដាប់ ជាពិសេសបានផ្តល់ការងារជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឈានឆ្តោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០។