សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធម្តាយមីង
នៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធលោកស្រី ឈឹម ប៉ែននីឡា ដែលជាម្តាយមីងជីដូនមួយ។
លោកស្រី ឈឹម ប៉ែននីឡា បានទទួលមរណភាពនៅវេលាម៉ោង ១៖៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ដោយរោគាពាធ។ សពរបស់លោកស្រី ត្រូវបានតម្កល់រៀបចំពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅវត្តបទុមវតី។
ជាមួយនឹងការអញ្ជើញគោរពវិញ្ញាណក្ខន្ធនេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវសមានទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ម្តាយជាទីគោរពស្រឡាញ់។ ក្នុងសារចូលរួមរំលែកមរណទុក្ខ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកមរណភាពលោកស្រី ឈឹម ប៉ែននីឡា គឺជាការបាត់បង់ភរិយា មាតា ក្មេក យាយ និងយាយទួតដែលប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌គំរូមួយរូប ដែលក្នុងឆាកជីវិតរបស់លោកស្រី បានប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី ធ្វើពលិកម្ម សព្វបែបយ៉ាងដើម្បីរួមចំណែកគាំពារ និងជ្រោមជ្រែងស្វាមី ក្នុងបេសកកម្មបម្រើជាតិមាតុភូមិ ព្រមទាំងខិតខំចិញ្ចឹមបីបាច់ ថែរក្សាអប់រំទូន្មានបុត្រធីតា ចៅ និងចៅទួត រហូតក្លាយជាកុលបុត្រ កុលធីតាដ៏ឆ្នើមរបស់សង្គមជាតិ។
លោកស្រី ឈឹម ប៉ែននីឡា បានប្រសូត្រនៅ ថ្ងៃចន្ទ ២ រោច ខែពិសាខ ឆ្នាំជូតសំរឹទ្ធិស័ក ពុទ្ធសករាជ ២៤៩២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ១៩៤៨។ លោកស្រីមានបងប្អូនសរុប៨នាក់។ លោកស្រីជាកូនស្រីទី៥ ឪពុកជានាយកសាលានៅទីរួមខេត្តកំពុងចាម។ កាលពីគាត់អាយុប្រហែល៣ រឺ៤ឆ្នាំ ឪពុកគាត់ត្រូវបានទទួលមរណៈភាព ដោយសារពួកខ្មែរឥស្សរៈបានបាញ់សម្លាប់។ ពេលគាត់អាយុ១៦ឆ្នាំ គាត់បានឡើងមករៀននៅភ្នំពេញ នៅសាលានរោត្តមថ្នាក់មធ្យមសិក្សា។ ពេលគាត់អញ្ជើញមកភ្នំពេញបានមករស់នៅជាមួយបងស្រី ប៉ែន រ៉ានី ដែលជាបងស្រីទី២។ គាត់បានរៀបការនៅឆ្នាំ១៩៧១ ដោយចំណងអាពាហ៍ពិពាហ៍នេះ គាត់បានប្រសូត្របុត្រស្រី១រូប ឈ្មោះ ឈួន ផល្លីកា ហៅស្រីមិច នៅស្រុកប៉ោយចារ ខេត្តបាត់ដំបង។
នៅឆ្នាំ១៩៧៥ គាត់ និងកូនស្រី ត្រូវបានជម្លៀសចេញពីទីក្រុងភ្នំពេញ ទៅខេត្តបាត់ដំបង។ ម្ដាយរបស់លោកស្រីឈឹម ប៉ែននីឡា ត្រូវបានស្លាប់ក្នុងរបបប៉ុលពត ដោយសាររោគាពាធ។
នៅឆ្នាំ១៩៧៩ ពេលរួចពីរបបប៉ុលពត លោកស្រីបានទៅរស់នៅខេត្តសៀមរាប និងបានប្រសូត្របុត្រប្រុសទី២។
នៅឆ្នាំណា១៩៧៩ រឺ១៩៨០ លោកយាយបានទៅធ្វើការជាកុងតាបអោយស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងសូហ្វីយ៉ា (Sofia) ប្រទេសប៊ុលហ្ការី (Bulgaria)។ ក្នុងកំឡុងពេលបំពេញការងារនៅទីនោះគាត់បានជួបស្វាមី គឺលោក ឈួន សុធី ដែលជាប្រធាននិសិត្សសិក្សានៅទីនោះផងដែរ។គាត់បានរៀបការជាមួយគ្នាពេញច្បាប់តាមប្រពៃណី នាប្រទេសប៊ុលហ្ការីនាកំឡុងពេលនោះ។
ចប់អាណត្តិការងារ និងការសិក្សាលោកទាំងពីរបានត្រលប់មកមាតុប្រទេសវិញជាមួយគ្នា និងកសាងជីវិតរួមរស់នៅប្រទេសខ្មែរជាមួយកូនស្រី កូនប្រុស។ លោកស្រីបានអប់រំប្រៀនប្រដៅកូនប្រុសស្រីអោយដើរតាមគន្លង និងមានគូស្រករ ប្រសូត្របានចៅស្រី ដ៏ស្រស់ស្អាតមួយរូបផងដែរ៕