ថ្ងៃព្រហស្បតិ៍ ២១-វិច្ឆិការ-២០២៤ ០៧:៤៥:២៣ ល្ងាច

លោកជំទាវ ឱ វណ្ណឌីន៖ តិចស្ករ តិចអំបិល តិចខ្លាញ់ ជួយឲ្យសុខភាពល្អប្រសើរឡើង មិនងាយប្រឈមជាមួយជំងឺ

លោកជំទាវ ឱ វណ្ណឌីន៖ តិចស្ករ តិចអំបិល តិចខ្លាញ់ ជួយឲ្យសុខភាពល្អប្រសើរឡើង មិនងាយប្រឈមជាមួយជំងឺ

ដោយមើលឃើញពីបរិបទ នៃសង្គមបច្ចុប្បន្ន ដែលប្រជាពលរដ្ឋងាយប្រឈមទៅនឹងជំងឺផ្សេងៗដូចជាទឹកនោម
ផ្អែម,ទឹកញោមប្រៃ និងជំងឺលើសឈាមជាដើមនោះ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង
សុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋបន្ថយការទទួលទានអាហារដែលមានសារជាតិប្រៃ ខ្លាញ់ និងស្ករ ដោយមិនត្រូវជក់បារីឡើយ។

ការលើកឡើងបែបនេះរបស់លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន ធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចូលជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក នៃមន្ទីរសុខាភិបាលខេត្តរតនគិរី ដើម្បីណែនាំ និងដាក់ចេញទិសដៅការងារមួយចំនួន សំដៅពង្រឹងប្រព័ន្ធសុខាភិបាលនៅតាមមូលដ្ឋាន ឲ្យកាន់តែមានគុណភាពខ្ពស់ និងជំនឿទុកចិត្តពីប្រជាពលរដ្ឋ។លោកជំទាវ ឱ វណ្ណឌីន  បានលើកឡើងនូវពាក្យស្លោកយ៉ាងដូច្នេះថា"តិចអំបិល តិចខ្លាញ់ តិចប្រៃ ដែលអត្ថន័យនេះ គឺចង់ឲ្យប្រជាពលរដ្ឋកាត់បន្ថយរបបអាហារ ដូចជា ស្ករ អំបិល និងខ្លាញ់ពីច្រើនមកតិច ហើយហាមជក់បារីជាដើម"។

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ ក៏បានក្រើនរំលឹកដល់ប្រធានមណ្ឌលទាំង៣០ ដែលកំពុងប្រតិបត្តិផ្តល់សេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទូទាំងខេត្តរតនគិរី ដើម្បីគ្រប់គ្រងឲ្យបាននូវអត្តសញ្ញាណអ្នកជំងឺក្នុងមូលដ្ឋានរបស់ខ្លួននីមួយៗ និងត្រូវផ្សព្វផ្សាយចងក្រងជាក្រុម ដើម្បីងាយគ្រប់គ្រងអ្នកដែលមានជំងឺក្នុងមូលដ្ឋាននោះ ឲ្យពួកគាត់ទទួលបានសេវាព្យាបាលប្រកបដោយប្រសិទ្ធភាព និងទុកចិត្តបំផុត។
លោកជំទាវ ឱ វណ្ណឌីន បានដាស់តឿនទៅដល់ប្រធានមណ្ឌលទាំង៣០ បន្តយកចិត្តទុកដាក់បន្ថែមទៅលើការផ្តល់សេវាជូនប្រជាពលរដ្ឋ ការរៀបចំទីតាំងផ្សេងៗ ដើម្បីឆ្លើយតបទៅនឹង តម្រូវការចាំបាច់នៅក្នុងមណ្ឌល ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ និងរៀបចំឯកសណ្ឋានតាមវិជ្ជាជីវៈ ព្រមទាំងរៀបចំថែទាំបរិស្ថានអនាម័យឲ្យបានស្អាតផងដែរ។

បើតាមការលើកឡើង របស់លោកជំទាវ ញាន ទិត្យចិន្តា អភិបាលរងខេត្តរតនគិរី ដែលបានរាយការណ៍ជូន លោក
ជំទាវ ឱ វណ្ណឌីន នាឱកាសនេះ គឺ រដ្ឋបាលខេត្តរតនគិរី បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការពង្រឹង សេវាសុខាភិបាល រួមមានការ ការពារ ការព្យាបាលជំងឺជូនប្រជាជនប្រកបដោយសមធ៌ម ប្រសិទ្ធិភាព និងសុវត្ថិភាព ដោយ ផ្អែកលើគុណតំលៃនៃការថែទាំសុខភាពបឋម លើកកម្ពស់សិទ្ធរបស់ប្រជាពលរដ្ឋទាំងអស់ អោយបាន សម្រេចនូវ សុខភាពកម្រិតខ្ពស់បំផុតពេញមួយជីវិត ដែលគាំទ្រដោយសេវាសុខភាព ដោយមិនទុក អោយប្រជាជនណាម្នាក់មិនបានទទួលសេវាសុខភិបាល នៅពេលដែលត្រូវការនោះទេ៕