ឯកឧត្តម ខូយ រីដា អញ្ជើញជាអធិបតីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៥
ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៥ ពិធីនេះរៀបចំឡើងនៅបរិវេណសាលាវិទ្យាល័យកណ្តៀង ស្ថិតនៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ២៦ ខែមិថុនា ឆ្នាំ ២០២៥។ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ លោក លោកស្រីអភិបាលក្រុង ស្រុក មន្ត្រីរាជការជុំវិញខេត្ត លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូប។
លោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការស្តីទី បានអានរបាយការណ៍កិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមអនុវត្ត ទិសស្លោក បីកុំ មួយរាយការណ៍ កុំពាក់ព័ន្ធ កុំជួញដូរ កុំចែកចាយ កុំធ្វើជាខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន កុំអន្តរាគមន៍ កុំរារាំងការអនុវត្តច្បាប់ ចំពោះឧក្រិដ្ឋជនគ្រឿងញឿន កុំលើកលែង កុំបន្ធូរបន្ថយការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន និងមួយរាយការណ៍ ត្រូវរាយការណ៍ ផ្តល់ព័ត៌មានជូនសមត្ថកិច្ចអំពីសកម្មភាពទាំងឡាយណាដែលខ្លួនបានដឹងបានឃើញ ជនជួញដូរ ចែកចាយ ប្រើប្រាស់គ្រឿងញឿនគ្រប់ប្រភេទ រួមទាំងទីតាំង ដាំដុះ កែឆ្នៃ ផលិត លាក់ទុក គ្រឿងញឿនខុសច្បាប់។
ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានមានប្រសាសន៍ថ្លែងអំពីសារៈសំខាន់នៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាឱកាសសម្រាប់បង្កើនការយល់ដឹង និងការរួបរួមគ្នា ក្នុងការទប់ស្កាត់បញ្ហាគ្រឿងញៀន ដែលជាភេរវកម្មផ្នែកសង្គម បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះយុវជន និងសុវត្ថិភាពសង្គមជាតិតាមរយៈវិធីសាស្រ្តស៊ីវិល និងសហការជាមួយអាជ្ញាធរ ដើម្បីរួមគ្នាជំរុញសង្គមឱ្យមានសុវត្ថិភាព សុខដុមរម្យ និងរលូនក្នុងការអភិវឌ្ឍ៕
ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់