ថ្ងៃអង្គារ ០១-កក្ដដា-២០២៥ ១២:១៨:១១ ល្ងាច

អភិបាលខេត្តប៉ៃលិន ក្រើនរំលឹកដល់ក្រុមការងារនិងសម្ថកិច្ចចម្រុះប្រចាំការនៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ត្រូវយកចិត្តទុក្ខដាក់ខ្ពស់ និងជួយសម្របសម្រួលដល់បងប្អូនពលករដែលវិលត្រឡប់មកពីប្រទេសថៃ

អភិបាលខេត្តប៉ៃលិន ក្រើនរំលឹកដល់ក្រុមការងារនិងសម្ថកិច្ចចម្រុះប្រចាំការនៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ត្រូវយកចិត្តទុក្ខដាក់ខ្ពស់ និងជួយសម្របសម្រួលដល់បងប្អូនពលករដែលវិលត្រឡប់មកពីប្រទេសថៃ

ប៉ៃលិន៖ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរបងប្អូនពលករខ្មែរ ដែលមកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំខេត្តប៉ៃលិន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ណែនាំដល់ក្រុមការងារ និងសមត្ថកិច្ចចម្រុះ ដែលកំពុងប្រចាំការនៅមាត់ច្រកទ្វារព្រំដែន ត្រូវយកចិត្តទុក្ខដាក់ និងជួយសម្របសម្រួលជូនដល់បងប្អូនពលករ ដែលត្រឡប់មកពីប្រទេសថៃ ប្រកបដោយការទទួលខុសត្រូវខ្ពស់។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើការណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ ក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំ ដោយមូលហេតុណាមួយ របស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ ត្រូវត្រៀមសម្របសម្រួលការឆ្លងកាត់ព្រំដែន ការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុក ការថែទាំព្យាបាលសុខភាពបឋម និងដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើតវិញ ដោយឥតគិតថ្លៃ ជាពិសេសត្រូវជួយស្វែងរកការងារក្នុងស្រុកជូនដល់បងប្អូនពលករយើង។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តបានមានប្រសាសន៍បញ្ជាក់ថា ដោយសារស្ថានភាពព្រំដែនកាន់តែតឹងតែង និងដោយមានការអំពាវនាវពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាឱ្យពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ ត្រឡប់មកមាតុភូមិវិញ មុនពេលអាជ្ញាធរថៃ បណ្តេញចេញ ឬធ្វើការប្រមាថណាមួយ ហើយរាជរដ្ឋាភិបាល នឹងរងចាំទទួលទាំងអស់ឱ្យតែជាជនជាតិខ្មែរ ទោះបីជាមានឯកសារគ្រប់គ្រាន់ ឬមិនមានឯកសារ គ្រប់ គ្រាន់ក៏ដោយហើយជាក់ស្តែងនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន គឺមានបងប្អូនពលករខ្មែរបានធ្វើដំណើរ ឆ្លងព្រំដែន ត្រលប់មកកម្ពុជាវិញជាបណ្តើរៗ ដោយរដ្ឋបាលខេត្ត បានសហការជាមួយ ក្រសួងការងារនិងបណ្តុះ បណ្តាលវិជ្ជាជីវៈបានរៀបចំទីតាំងត្រៀមទទួលបងប្អូនពលករ នៅក្បែរព្រំដែន ដើម្បីសម្រួលទាំងការស្នាក់នៅបណ្ដោះអាសន្នការហូបចុកការថែទាំព្យាបាលសុខភាព និងជូនដំណើរវិលត្រលប់ទៅស្រុកកំណើតវិញដោយឥតគិតថ្លៃ ព្រមទាំងជួយ រកការងារជូនបងប្អូនពលករផងដែរ។
ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន