ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អញ្ជេីញចូលរួមពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ជូនដល់និស្សិតជ័យលាភី នៅបណ្ឌិត្យសភានគរបាលកម្ពុជា
ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជេីញចូលរួមពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនដល់និស្សិតជ័យលាភី ថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនគរបាល ជំនាន់ទី១ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១១ ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ជំនាន់ទី១២ ថ្នាក់បរិញ្ញាបត្រជំនាញគ្រប់គ្រងពន្ធនាគារ ជំនាន់ទី៣ និងសិស្សនគរបាលវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងស្រុកកៀនស្វាយ។
ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារទាំងអស់ នៃក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានឆ្លៀតពេលដ៏មមាញឹក និងមានតម្លៃបំផុត អញ្ជើញផ្តល់កិត្តិយសជាអធិបតី និងផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ដល់យើងខ្ញុំទាំងអស់គ្នា ក្នុងពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ជូនដល់និស្សិតជ័យលាភី។
ជាមួយគ្នានេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ព្រមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ ដែលបានអញ្ជើញជាគណៈអធិបតី និងជាភ្ញៀវកិត្តិយស ក្នុងពិធីដ៏ថ្លៃថ្លានេះ៕